(វ៉ាស៊ីនតោន)៖ ប្រធានសភាតំណាងរាស្ត្រអាមេរិក ដែលកំពុងគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) បានសម្រេចចិត្តបើកភ្លើងខៀវឱ្យសមាជិកសភា ធ្វើការព្រាងនូវមាត្រានៃនីតិវិធីដកតំណែងប្រធានាធិបតីពីលោក ដូណាល់ ត្រាំ ដែលកំពុងតស៊ូយកជ័យជម្នះឱ្យបាននៅក្នុងសមរភូមិនីតិបញ្ញតិនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៩។

តាមរយៈការស្នើសុំឱ្យ ប្រធានគណៈកម្មាធិការយុត្តិធម៌ធ្វើសេចក្ដីព្រាងមាត្រា ដែលមានចែងពីនីតិវិធីចោទប្រកាន់ជាផ្លូវការខាងលើនេះ លោកស្រី Nancy Pelosi ក៏បានបញ្ជាក់ដែរថា ការបោះឆ្នោតជាផ្លូវការស្ដីពីនីតិវិធីដកតំណែងប្រធានាធិបតីអាមេរិកទី ៤៥ គឺលោក ដូណាល់ ត្រាំ នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ។

លោកស្រី Pelsoi បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ តាមកញ្ចក់ទូរទស្សន៍នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) យ៉ាងដូច្នេះថា «នៅថ្ងៃនេះខ្ញុំបានស្នើឱ្យប្រធានគណៈកម្មាធិការយុត្តិធម៌របស់យើង ព្រាងឡើងនូវមាត្រានៃនីតិវិធីដកតំណែងប្រធានាធិបតី...។ លោកស្រីបានបន្ថែមថា «លោក ដូណាល់ ត្រាំ បានចូលរួមក្នុងការសកម្មភាពរំលោភអំណាច បំផ្លាញសន្តិសុខជាតិ និងបូរណភាពនៃការបោះឆ្នោតរបស់យើង ហើយលោកបានធ្វើឱ្យពួកយើង ស្ថិតនៅលើផ្លូវដែលគ្មានជម្រើស តែយើងត្រូវតែធ្វើសកម្មភាព...»

គួរបញ្ជាក់ថា ដោយសារតែបច្ចុប្បន្នសភាតំណាងរាស្ត្រអាមេរិក ស្ថិតនៅក្រោមការគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ លោក ដូណាល់ ត្រាំ ទំនងជានឹងក្លាយជាប្រធានាធិបតីអាមេរិកទី ៣ ក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលនឹងត្រូវបានសភារៀបចំដំណើរការនីតិវិធី ដើម្បីដកតំណែងប្រធានាធិបតីបន្ទាប់ពីលោក អាន់ឌ្រូ ចនសុន (Andrew Johnson) និងលោក បៀល គ្លីនតុន (Bill Clinton)។ តែយ៉ាងណាក៏ដោយ មិនធា្លប់មានប្រធានាធិបតីអាមេរិកណាម្នាក់ ត្រូវបានដកតំណែងដោយនីតិវិធីនេះឡើយ៕