(វ៉ាស៊ីនតោន)៖ ខណៈការស៊ើបអង្កេតដើម្បីដំណើរការនីតិវិធីដកតំណែងប្រធានាធិបតី កំពុងដំណើរការទៅមុខ លោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានព្យាយាមពន្យល់ពីបរិបទនៃការប្រើប្រាស់ ពាក្យ «us ជាអក្សរតូច » នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលជាដើមហេតុនាំឱ្យមានការស៊ើបអង្កេតនេះឡើង។ នេះបើតាមការដកស្រង់ផ្សាយ ដោយសារព័ត៌មាន Politico នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៩។

នៅក្នុងសារបង្ហោះលើ Twitter លោក ដូណាល់ ត្រាំ ក៏បានអះអាងដែរថា លោកបានស្នើឱ្យលោក Zelensky ជួយដល់សហរដ្ឋអាមេរិកទាំងមូល មិនមែនជួយបកអាក្រាតទង្វើអាក្រក់របស់លោក Joe Biden ដែលត្រូវបានគេ រំពឹងថានឹងក្លាយគូប្រជែងដ៏ធំរបស់លោក សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០ នោះទេ។

លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «នៅពេលនិយាយទូរស័ព្ទជាមួយលោកប្រធានាធិបតីអ៊ុយក្រែន, ខ្ញុំបានលើក ឡើងថា ខ្ញុំចង់ឱ្យអ្នក (លោក Zelensky) ជួយពួកយើង (us) ពីព្រោះប្រទេសរបស់យើងធា្លប់បានរងទុក្ខលំបាក ជាច្រើន ហើយអ៊ុយក្រែនក៏បានដឹងពីរឿងនេះច្រើនដែរ...ប៉ុន្តែ អ្វីដែលខ្ញុំចង់បញ្ជាក់នៅពេលនេះ នោះគឺពាក្យ «us» ដែល ខ្ញុំប្រើគឺចង់សំដៅលើសហរដ្ឋអាមេរិក ប្រទេសរបស់យើងទាំងមូលតែម្ដង»

គួរជម្រាបថា របាយការណ៍ស្ដីពីនីតិវិធីដកតំណែងប្រធានាធិបតី ដឹកនាំដោយគណបក្សប្រជាធិបតេយ្យ ចេញផ្សាយ កាលពីថ្ងៃអង្គារ បានឱ្យដឹងថា លោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោកបានដឹកនាំយុទ្ធនាការមួយមិនធ្លាប់មាន ពីមុនមក ក្នុងប្រវត្តិសាស្ត្រអាមេរិក ក្នុងគោលបំណងបង្កឧបសគ្គដល់ការស៊ើបអង្កេត និងគំរាមកំហែងសាក្សី។

របាយការណ៍ខាងលើរបស់គណៈកម្មាធិការស៊ើបការណ៍សំងាត់ នៃសភាតំណាងរាស្ត្រអាមេរិក ត្រូវបានគេរំពឹងថា នឹងក្លាយជាមូលដ្ឋានសម្រាប់គណៈកម្មាធិការយុត្តិធម៌ រៀបចំការចោទប្រកាន់ជាផ្លូវការ ឬដាក់ចេញនូវមាត្រាដែល មានចែងពីនីតិវិធីដកតំណែងប្រធានាធិបតី នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ។ ម្យ៉ាងវិញទៀត បើសិនមាត្រា ចែងពីនីតិវិធីដកតំណែងប្រធានាធិបតីត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រ នោះសំណុំរឿងនេះនឹងត្រូវបញ្ជូន បន្តទៅកាន់ព្រឹទ្ធសភាគ្រប់គ្រងដោយបក្សសាធារណរដ្ឋ។ ប៉ុន្តែខាងគណបក្សប្រជាធិបតេយ្យកំពុងស្វះស្វែងធ្វើ យ៉ាងអាចដំណើរការនីតិវិធីដកតំណែង ឬចោទប្រកាន់ជាផ្លូវការប្រឆាំងលោក ដូណាល់ ត្រាំ ឱ្យបានមុនថ្ងៃ បុណ្យណូអែល នៅថ្ងៃទី២៥ ខែធ្នូ ខាងមុខនេះ៕