(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកស្រី Alyssa Farah បានទាត់ចោលសេចក្ដីរាយការណ៍របស់ សារព័ត៌មាន The Wall Street Journal ដែលថារដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្រោងនឹង បញ្ជូនកងទ័ពបន្ថែមដល់ទៅ១៤,០០០នាក់ ទៅកាន់មជ្ឈិមបូព៌ា ដើម្បីទប់ទល់ជាមួយអ៊ីរ៉ង់។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៩។

សារព័ត៌មាន The Wall Street Journal កាលពីថ្ងៃពុធកន្លងទៅ ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីអាមេរិក ជាច្រើននាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន មានគម្រោងបញ្ជូននាវាចម្បាំង រាប់សិបគ្រឿង និងកងទ័ពអាមេរិកបន្ថែម ១៤,០០០នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា នៅចុងខែធ្នូនេះ។ ប៉ុន្តែ លោកស្រី Alyssa Farah បានទាត់ចោលព័ត៌មាននេះដោយបញ្ជាក់ថាវាគឺជារឿងមិនពិត។

អ្នកនាំពាក្យមន្ទីរបញ្ចកោណរូបនេះ បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ដូច្នេះថា៖ «សេចក្ដីរាយការណ៍ របស់ Wall Street Journal គឺជារឿងមិនពិត។ សហរដ្ឋអាមេរិកមិនមានគម្រោង ឬកំពុងបញ្ជូនកងទ័ព ១៤,០០០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីទប់ទល់ជាមួយអ៊ីរ៉ងនោះទេ»

គួរជម្រាបថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានស្គាល់ភាពតានតឹងខ្លាំងសាជាថ្មី ក្រោយរោងចក្រ ប្រេងអារ៉ាប៊ីសាអូឌីត ចំនួនពីរកន្លែងរងការវាយប្រហារកាលពីថ្ងៃទី១៤ ខែកញ្ញាកន្លងទៅ ដែលទីក្រុងរីយ៉ាដ និងទីក្រុងវ៉ាស៊ីនតោន ចោទថាជាស្នារបស់អ៊ីរ៉ង់។ បើទោះជាអ៊ីរ៉ង់ បដិសេធក៏ដោយ តែសហរដ្ឋអាមេរិកបាន សម្រេចចិត្តបញ្ជូនកងទ័ពបន្ថែម និងសព្វាវុធជាច្រើន ដោយអះអាងថាជួយពង្រឹងសមត្ថភាពការពារដែនអាកាស របស់អារ៉ាប៊ីសាអូឌីត៕