(ហូណូលូលូ)៖ មន្ត្រីប្រចាំនៅមូលដ្ឋានទ័ពជើងទឹកអាមេរិក ភាលហាប៊ឺ (Pearl Harbor) នៃកោះហាវ៉ៃបានឱ្យដឹងថា ក្នុងចំណោមមនុស្សរងរបួសទាំងបីនាក់នោះ មានពីរនាក់ហើយបានបាត់បង់ជីវិត ដោយសារតែការរងរបួសធ្ងន់ធ្ងរពេក នៅក្នុងហេតុការណ៍បាញ់ប្រហារមួយ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ខណៈខ្មាន់កាំភ្លើងបានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៩។

មុនដំបូងឡើយយោធាអាមេរិកបានអះអាងថា ខ្លួនកំពុងតែធ្វើការត្រួតពិនិត្យ ក្រោយពីមានសេចក្តីរាយការណ៍អំពីការបាញ់បោះ នៅក្នុងកំពង់ផែនាមូលដ្ឋានទ័ពជើងទឹក ភាលហាប៊ឺ (Pearl Harbor) កាលពីវេលាម៉ោង ២៖៣០នាទីរសៀលថ្ងៃពុធ (ម៉ោងនៅកោះហាវ៉ៃកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក)។ ជនរងគ្រោះទាំងបីនាក់ខាងលើនេះ គឺសុទ្ធតែជាមន្ត្រីស៊ីវិល ដែលបម្រើការងារឲ្យក្រសួងការពារជាតិអាមេរិក។

រហូតទល់នឹងពេលនេះ នៅតែមិនទាន់មានការបញ្ជាក់ឲ្យច្បាស់លាស់ថា តើការបាញ់បោះនោះមានគោលបំណងអ្វីឱ្យប្រាកដនោះទេ រីឯអត្តសញ្ញាណខ្មាន់កាំភ្លើង ក៏មិនទាន់ត្រូវបានបញ្ជាក់នៅឡើយដែរ ប៉ុន្តែមន្ត្រីអាមេរិកដែលទទួលបន្ទុកលើបញ្ហានេះ បានចូលរួមសម្តែងមរណទុក្ខ ចំពោះក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់។

គួរបញ្ជាក់តាមសាក្សីមិនបញ្ជាក់បញ្ចេញឈ្មោះម្នាក់បានអះអាងថា បុរសជាខ្មាន់កាំភ្លើង ស្លៀកឯកសណ្ឋានជានាវិកនៃកងនាវាអាមេរិក បានបាញ់ត្រង់ក្បាលសម្លាប់ខ្លួនឯង ក្រោយពីបានបាញ់ប្រហារមនុស្សបីនាក់ខាងលើ។ មូលដ្ឋានទ័ព Pearl Harbor គឺជាទីតាំងឈរជើងដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកប្រចាំ មហាសមុទ្រប៉ាស៊ីហ្វិក ហើយនៅថ្ងៃសុក្រសប្តាហ៍នេះ គឺត្រូវនឹងខួបឆ្នាំទី ៧៨ ដែលមូលដ្ឋានបានរងការវាយប្រហារពីកងទ័ពអាកាសជប៉ុន ដែលកាលណោះត្រូវបានគេដឹងថា ជាការអូសអាមេរិកចូលសង្គ្រាមលោកលើកទី ២។

ជុំវិញរឿងរ៉ាវខាងលើ ខាងសេតវិមាននៃរដ្ឋធានីវ៉ាស៊ីនតោនឯណោះវិញបានប្រកាសថា លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងតាមដានលើករណីបាញ់ប្រហារនេះយ៉ាងលម្អិត ហើយទីភ្នាក់ងារសហព័ន្ធក៏នឹងត្រូវបញ្ជូនទៅកាន់រដ្ឋហាវ៉ៃ ដើម្បីធ្វើការស៊ើបអង្កេតផងដែរ៕