(អ៊ីស្រាអែល)៖ ប្រធានាធិបតីអ៊ីស្រាអែល លោក រើវិន រីវលីន (Reuven Rivlin) នាថ្ងៃពុធសប្តាហ៍នេះត្រូវគេរាយការណ៍ថា កំពុងតែពិចារណាលើកលែងទោសដល់ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) ប៉ុន្តែក្រោមលក្ខខណ្ឌថា លោក Netanyahu ត្រូវចូលនិវត្តពីនយោបាយហើយឆ្លើយសារភាព ចំពោះរាល់ការចោទប្រកាន់ទាំងអស់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន ហ្សេរុយសាឡឹមប៉ុស្តិ៍ (The Jerusalem Post) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៩។

យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Jerusalem Post លោក Netanyahu មិនទាន់បានផ្តល់ចម្លើយឆ្លើយតបយ៉ាងណានៅឡើយទេ។ ប្រភពព័ត៌មានដដែលបានអះអាងថា អគ្គរដ្ឋអាជ្ញាអ៊ីស្រាអែល លោក អេវីឆៃ មែនឌែលប្លីត (Avichai Mandelblit) ក៏ត្រៀមខ្លួនរួចស្រេចដើម្បីគាំទ្រដល់គំនិត របស់លោកប្រធានាធិបតីអ៊ីស្រាអែលផងដែរ។ យ៉ាងណាក្តីទាំងលោក Rivlin និងលោក Mandelblit មិនទាន់បានចេញមុខបញ្ជាក់ជាសាធារណៈថា តើសេចក្តីរាយការណ៍របស់សារព័ត៌មានអ៊ីស្រាអែលពិត ឬមិនពិតឡើយ។

ជាមួយគ្នានេះ អ្នកនយោបាយអ៊ីស្រាអែលភាគច្រើនបានអះអាងថា ការលាលែងពីតំណែងរបស់លោក Netanyahu នឹងជួយបើកផ្លូវឲ្យឈានដល់កិច្ចព្រមព្រៀងយ៉ាងឆាប់រហ័សមួយ រវាងគណបក្សនយោបាយ លីគូដ (Likud) និងសម្ព័ន្ធបក្ស ខៀវ និងស (Blue & White) ដើម្បីបង្កើតរដ្ឋាភិបាលរួម ឲ្យបានមុនថ្ងៃទី១១ ខែធ្នូ ដែលជាពេលវេលាកំណត់ ព្រោះថាបើដល់ពេលនោះនៅតែមិនទាន់អាចបង្កើតរដ្ឋាភិបាលបាន សភាអ៊ីស្រាអែលនឹងត្រូវរំលាយជាថ្មីម្តងទៀត។

គួរជម្រាបថា កាលពីកុម្ភៈ ឆ្នាំ២០១៩នេះ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Netanyahu ព្រមទាំងសមាជិកគ្រួសាររបស់លោក ត្រូវបានចោទប្រកាន់ជាផ្លូវការពាក់ព័ន្ធបទល្មើសពុករលួយ ឆបោក និងរំលោភអំណាច ហើយកាលពីខែវិច្ឆិកាកន្លងទៅ លោក Netanyahu ត្រូវបានចោទប៉ុន្មានករណីបន្ថែមពីលើទៀត។ យ៉ាងណាមិញ លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានច្រានចោលការចោទប្រកាន់ទាំងអស់ ហើយព្រមាននៅបន្តកាន់អំណាច បើទោះបីជាត្រូវតុលាការផ្តន្ទាទោសក្រោយរកឃើញថា លោកមានកំហុសក៏ដោយ៕