(យូអិន)៖ នាថ្ងៃពុធសប្តាហ៍នេះ កូរ៉េខាងជើងបានព្រមានក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) ថា ការជជែកដេញដោលណាមួយអំពីស្ថានការណ៍សិទ្ធិមនុស្សនៅកូរ៉េខាងជើង នឹងត្រូវចាត់ទុកជាការបង្ករឿងធ្ងន់ធ្ងរ ហើយទីក្រុងព្យុងយ៉ាងនឹងឆ្លើយតបទៅវិញ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៩។

ទីក្រុងព្យុងយ៉ាងបានព្រមានបែបនេះ តាមរយៈសារលិខិតមួយច្បាប់របស់ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅ អង្គការសហប្រជាជាតិ លោក គីម សុង (Kim Song) ខណៈមានការបង្ហើបពីប្រភពការទូតឲ្យដឹងថា សមាជិកមួយចំនួននៃក្រុមប្រឹក្សាសន្តិសុខ UN កំពុងគ្រោងស្នើកោះប្រជុំក្នុងខែធ្នូនេះ ស្តីពីបញ្ហារំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសកូរ៉េខាងជើង។ ក្នុងលិខិតនោះ លោក Kim បានលើកឡើងថា កិច្ចប្រជុំបែបនោះនឹងត្រូវចាត់ទុកជាទង្វើកាន់ជើង នយោបាយចូលចិត្តបង្កហេតុរបស់សហរដ្ឋអាមេរិក ដែលនាំទៅរកការបំផ្លាញ ជាជាងការជួយដល់កិច្ចប្រឹងប្រែង បន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ និងការស្វែងរកដំណោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែរ។

គួរជម្រាបថា ក្នុងខែធ្នូនេះសហរដ្ឋអាមេរិកកាន់តំណែងជាប្រធានរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ កន្លងមកក្រុមប្រឹក្សាសន្តិសុខ UN មួយនេះបានពិភាក្សាគ្នា អំពីស្ថានការណ៍សិទ្ធិមនុស្សនៅកូរ៉េខាងជើង កាលពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៧ លើកលែងតែឆ្នាំ២០១៨។ កិច្ចប្រជុំទាំងនេះអាចប្រព្រឹត្តទៅបាន លុះត្រាតែសមាជិកយ៉ាងហោចចំនួន ០៩គាំទ្រសំណើឲ្យកោះប្រជុំ។

កាលពីចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៧ ចិនដែលជាខ្នងបង្អែកធំបំផុតរបស់កូរ៉េខាងជើង បានព្យាយាមជំទាស់ចំពោះការកោះប្រជុំប្រចាំឆ្នាំនេះ ប៉ុន្តែទទួលបរាជ័យ។ រីឯកាលពីឆ្នាំមុន សហរដ្ឋអាមេរិកមិនមានការគាំទ្រគ្រប់គ្រាន់ សម្រាប់សំណើគាំទ្រឲ្យកោះប្រជុំ ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្សនៅកូរ៉េខាងជើងនោះឡើយ៕