(ញូដេលី)៖ ជនជាតិឥណ្ឌាសរុប ១៨នាក់ និងតួកគីម្នាក់ ត្រូវបានចាប់ជម្រិតដោយក្រុមចោរសមុទ្រ ចេញពីកប៉ាល់មួយគ្រឿងដោយទង់ជាតិហុងកុង ដែលបានចល័តនៅលើដែនសមុទ្រជិតឆ្នេរប្រទេសនីហ្សេរីយ៉ា នៃតំបន់អាហ្វ្រិកភាគខាងលិច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៩។

ជុំវិញហេតុការណ៍នេះ ក្រុមការងារគ្រប់គ្រងនាវាចរក្នុងតំបន់ដែលហៅកាត់ថា ARX Maritime បានបង្ហោះនៅក្នុងវែបសាយរបស់ខ្លួននៅថ្ងៃពុធសប្តាហ៍នេះថា នាវាហុងកុងមួយគ្រឿងមានឈ្មោះ ណេវ ខុនស្ទែលឡេសិន (NAVE CONSTELLATION) ត្រូវបានចោរសមុទ្រចូលលុកលុយ កាលពីយប់ថ្ងៃអង្គារ ទី០៣ ខែធ្នូ នៅពេលដែលនាវានោះធ្វើដំណើរឆ្លងកាត់ដែនទឹក នៅជិតតំបន់ឆ្នេរសមុទ្រនៃប្រទេសនីហ្សេរីយ៉ា (មហាសមុទ្រអាត្លង់ទិកភាគខាងកើត) ហើយនាវិកសរុប ១៩នាក់នៅលើនោះត្រូវចាប់ចាប់ខ្លួន ដោយក្នុងនោះមាន ១៨នាក់ជាជនជាតិឥណ្ឌា និងម្នាក់តួកគី។

យ៉ាងណាក៏ដោយកប៉ាល់ហុងកុងខាងលើនេះ គឺមានសុវត្ថិភាពក្រោយពីត្រូវបានកងទ័ពជើងទឹក នៃប្រទេសនីហ្សេរីយ៉ាសង្គ្រោះ និងរក្សាទុក ប៉ុន្តែក្រុមនាវិកដែលត្រូវបានចាប់ខ្លួននោះ គឺមិនទាន់មានព័ត៌មានណា បញ្ជាក់អំពីស្ថានភាពពួកគេនោះឡើយ។ យ៉ាងណាក៏ដោយ បេសកកម្មឥណ្ឌានៅនីហ្សេរីយ៉ា កំពុងតែធ្វើការងារជាមួយប្រទេសអាហ្វ្រិកមួយនេះ ដើម្បីរំដោះជនជាតិខ្លួនទាំង ១៨នាក់ ព្រមទាំងជនជាតិតួកគីផងដែរ៕