(ម៉ានីល)៖ គិតត្រឹមរសៀលថ្ងៃពុធនេះ (ម៉ោងនៅហ្វីលីពីណ) ចំនួនមនុស្សបាត់បង់ជីវិតបានកើនដល់ ១០នាក់ ខណៈជាង ៣.៤សែននាក់នៅតែស្ថិតក្នុងការជម្លៀសខ្លួនដដែល ក្រោយព្យុះទីហ្វុងកំណាចកាំមួរិ (Kammuri) វាយប្រហារភាគកណ្តាល និងខាតត្បូងប្រទេសហ្វីលីពីន។ អាជ្ញាធរក៏បានព្រមានដែរថា នឹងអាចមានមនុស្សបន្ថែមទៀតបាត់បង់ជីវិត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី Yahoo News នៅរសៀកថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩។

មនុស្សជាង ៣៤០,០០០នាក់ បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេក្នុងតំបន់ ប៊ីខូល (Bicol) ហើយកំពុងជ្រកកោននៅតាមមជ្ឈមណ្ឌលសុវត្ថិភាព ។ អាកាសយានដ្ឋានអន្តរជាតិនៃរដ្ឋធានីម៉ានីល ត្រូវបានផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន។ អាកាសចរណ៍ដូចជា ហ្វីលីពីណអ៊ែរឡាញ (Philippine Airlines), សេប៊ូអ៊ែរ (Cebu Air) និង អ៊ែរអេហ្ស៊ា (AirAsia) បានផ្អាកជើងហោះហើរសរុប ៥០០ជើង ហើយអ្នកដំណើរជាច្រើននាក់ ត្រូវជាប់គាំងទៅណាពុំរួចគិតត្រឹមយប់ថ្ងៃអង្គារ ខណៈជើងហោះហើរមួយចំនួន កំពុងរៀបចំដាក់ឲ្យដំណើរឡើងវិញនៅថ្ងៃពុធនេះ។

ព្យុះទីហ្វុង Kammuri ដែលប្រជាជនហ្វីលីពីនហៅថា ធីសូយ (Tisoy) គឺជាព្យុះទីហ្វុងទី ២០ ហើយក្នុងឆ្នាំ២០១៩ សម្រាប់ហ្វីលីពីន។ វាបាននាំយកមកជាមួយនូវខ្យល់បោកបក់ល្បឿនចន្លោះ ១៥០-២០៥គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបានបង្កការខូចខាតដល់លំនៅឋាន និងសំណង់អគារមួយចំនួន ព្រមទាំងធ្វើឲ្យដើមឈើ បង្គោលភ្លើងរួមជាមួយផ្ទាំងបដាជាច្រើនដួលរលំថែមទៀត។ ព្យុះទីហ្វុងនេះក៏បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ខណៈអាជ្ញាធរហ្វីលីពីនបានព្យាករណ៍ថា វាបានថមថយកម្លាំងហើយ កំឡុងពេលបក់បោកទៅកាន់ភាគពាយ័ព្យនៃប្រទេស។ ព្យុះទីហ្វុង Kammuri ត្រូវគេព្យាករណ៍ថា នឹងបោកបក់ចេញផុតពីដែនដីហ្វីលីពីន នៅថ្ងៃពុធ ឬថ្ងៃព្រហស្បតិ៍ស្អែកនេះ។

គួរជម្រាបថា ការវាយប្រហាររបស់ព្យុះទីហ្វុងខាងលើ កើតមានឡើងចំពេលដែលហ្វីលីពីនកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម (SEA Game) ដែលត្រូវប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១១ ខែធ្នូ នៅទីក្រុងម៉ានីល។ ដោយសារតែវា ការកម្មវិធីប្រកួតមួយចំនួនត្រូវបានពន្យារពេលទៅប៉ុន្មានថ្ងៃខាងមុខវិញ ជាពិសេសកីឡាដែលត្រូវប្រកួតនៅលើផ្ទៃទឹក៕