(សាន់ត្យាហ្គោ)៖ គ្រោះធម្មជាតិរញ្ជួយផែនដីដែលមានកម្រិត ៦.០រ៉ិចទ័រ បានវាយប្រហារតំបន់ឆ្នេរនៃទីក្រុងអារីកា (Arica) ប្រទេសឈីលី នៅវេលាម៉ោង ៣៖៤៦នាទីទៀបភ្លឺថ្ងៃអង្គារនេះ (ម៉ោងនៅអាមេរិកខាងត្បូង) ប៉ុន្តែមិនទាន់មានប្រភពណាមួយបញ្ជាក់អំពីការខូចខាត ឬក៏មនុស្សរងគ្រោះនោះឡើយ។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០១៩។

ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS គឺជាអ្នកបានដឹងអំពីគ្រោះរញ្ជួយដីខាងលើនេះ ដោយវាមានរំញ័រពីក្នុងជម្រៅដី ៣២.៤៤គីឡូម៉ែត្រ។ ទីក្រុងឆ្នេរសមុទ្រ Arica មានទីតាំងស្ថិតនៅភាគខាងជើងប្រទេសឈីលី ជាប់ព្រំដែនជាមួយប្រទេសប៉េរូ។ ប្រទេសទាំងពីរនេះស្ថិតនៅតំបន់ខ្សែក្រវាត់ភ្លើង (Ring of Fire) នៃមហាសមុទ្រប៉ាស៊ីហ្វិកដូចគ្នា ដែលងាយនឹងទទួលរងគ្រោះរញ្ជួយដីពីកម្រិតមធ្យមដល់កម្រិតធ្ងន់។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីធ្ងន់ធ្ងរនៅប្រទេសឈីលីចុងក្រោយបំផុត គឺមានកម្រិត ៦.៧រ៉ិចទ័រ បានកើតឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ដែលកាលណោះបានបណ្តាលឲ្យមនុស្ស ០២នាក់ស្លាប់៕