(គែរ)៖ ប្រទេសអេហ្ស៊ីបបន្តប្រឈមបញ្ហាខ្វះខាតទឹកកាន់តែខ្លាំងឡើងៗ ស្របពេលដែលប្រទេសអេត្យូពីកំពុងព្យាយាមដំណើរការទំនប់វារីអគ្គិសនីនៅទន្លេនីល (Nile) ដែលប្រទេសនៅតំបន់អាហ្វ្រិកខាងជើង បាននិងកំពុងព្រួយបារម្ភកាន់តែខ្លាំង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០១៩។

ជាច្រើនឆ្នាំមកហើយ អេហ្ស៊ីបបានទទួលរងវិបត្តិលើធនធានទឹក ដែលបណ្តាលមកពីបញ្ហាកំណើនប្រជាជនជាចម្បង ហើយប្រជាកសិករអេហ្ស៊ីបបានប្រឹងប្រែងជាខ្លាំង ដើម្បីទាញយកប្រយោជន៍ពីធនធានទឹកតិចតួច ដែលពួកគេទទួលបាន។ បន្ថែមពីនេះក៏មានកត្តាមួយចំនួនផ្សេងផងដែរ រួមមានការកើនឡើងកម្តៅផែនដី និងការបំពុលទឹកជាដើម។ នាពេលនេះ អ្វីដែលជាក្តីព្រួយបារម្ភធំថែមទៀតនោះ គឺការជិតបញ្ចប់ជាស្ថាពរនៅទប់វារីអគ្គិសនីរបស់អេត្យូពី នៅលើដងទន្លេ Nile ដ៏វែងបំផុតប្រចាំទ្វីបអាហ្វ្រិក។

អេហ្ស៊ីបចាត់ទុកទប់វារីអគ្គិសនីនេះថា ជាការគំរាមកំហែងធំមួយ ដែលអាចកាត់បន្ថយធនធានទឹកសម្រាប់ខ្លួន «ក្នុងកម្រិតធ្ងន់ធ្ងរខ្លាំង» បើទោះបីជាភាគីអេត្យូពីបានធានាអះអាងថា ធនធានទឹកសម្រាប់អេហ្ស៊ីប នឹងមិនទទួលរងការប៉ះពាល់ខ្លាំងក៏ដោយ។ យ៉ាងណាមិញ អេហ្ស៊ីបកាលពីថ្ងៃចន្ទសប្តាហ៍នេះ បានបន្តបើកកិច្ចចរចាជាមួយស៊ូដង និងអេត្យូពីជុំវិញបញ្ហាគម្រោងទំនប់វារីអគ្គិសនីនេះ ខណៈកិច្ចព្រមព្រៀងត្រូវបានកំណត់ថា នឹងត្រូវសម្រេចឲ្យបានមុនខែមករា ឆ្នាំ២០២០។

គួរជម្រាបថា ដល់ទៅជិត ៩៧ភាគរយនៃទឹកសាបដែលអេហ្ស៊ីបប្រើប្រាស់ គឺបានមកពីដងទន្លេ Nile ហើយនៅតាមច្រាំងទន្លេនេះ គឺជាជម្រកនៃប្រជាជនអេហ្ស៊ីបប្រមាណ ៩៥លាននាក់។ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ។ រីឯដំណើរការសាងសង់ទនប់វារីអគ្គិសនី របស់អេត្យូពីបានចាប់ផ្តើមឡើងកាលពីឆ្នាំ២០១១ ខណៈគេរំពឹងថា វានឹងអាចចាប់ផ្តើមផលិតថាមពលនៅចុងឆ្នាំ២០២០ ហើយដំណើរការ ពេញលេញទាំងស្រុងនៅឆ្នាំ២០២២។

កាលពីខែវិច្ឆិកាកន្លងទៅ អេហ្ស៊ីប ស៊ូដង់ និងអេត្យូពីបានព្រមព្រៀងគ្នានៅទីក្រុងវ៉ាស៊ីនតោនថា នឹងរៀបចំកិច្ចប្រជុំជាមួយគ្នាជាបន្តបន្ទាប់ និងបានសម្រេចយកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ជាពេលកំណត់ដែលត្រូវសម្រេចឲ្យបាននូវកិច្ចព្រមព្រៀង ដើម្បីបញ្ចប់បញ្ហាវិវាទដែលបានអូសបន្លាយ ជិតមួយទសវត្សរ៍មកហើយនេះ៕