(សេអ៊ូល)៖ កូរ៉េខាងជើងបានប្រារព្ធពិធីដ៏អធិកអធម ដើម្បីអបអរសាទរការបញ្ចប់គម្រោងសាងសង់ ទីក្រុងទំនើបថ្មីមួយរបស់លោក គីម ជុងអ៊ុន ស្ថិតនៅក្បែរភ្នំ ផេកទូ (Paektu) ជាទីដែលជាគ្រួសារត្រកូល គីម ចាត់ទុកថាជាន្លែងកំណើតរបស់ខ្លួន និងពិសិដ្ឋបំផុតប្រចាំឧបទ្វីបកូរ៉េ។ នេះបើតាមការដកការផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០១៩។

ពិធីអបអរសាទរអមជាមួយការបាញ់កាំជ្រួច ត្រូវបានធ្វើឡើងនៅថ្ងៃចន្ទសប្ដាហ៍នេះ នៅឯតំបន់ភ្នំ Paektu ជាភ្នំដ៏អស្ចារ្យមួយរបស់កូរ៉េខាងជើង ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ក៏បានចេញផ្សាយសកម្មភាពចូលរួមកាត់ខ្សែបូសម្ពោធ ដោយលោក គីម ជុងអ៊ុន ផងដែរ។

គួរបញ្ជាក់ថា ទីក្រុងថ្មីខាងលើមានឈ្មោះថា សាំជីយ៉ុន (Samjiyon) អាចឱ្យប្រជាជន ៤,០០០គ្រួសាររស់នៅ និងមាន ៣៨០តំបន់ រួមជាមួយអគារឧស្សាហកម្មលើផ្ទៃដីរាប់រយហិកតា អាផាតធឺមិន សណ្ឋាគារ កន្លែងជិះស្គីកម្សាន្ត មជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និងមន្ទីរពេទ្យជាដើម។ Samjiyon គឺជាទីក្រុងសេដ្ឋកិច្ចដ៏ធំមួយរបស់កូរ៉េខាងជើង និងត្រូវបានផ្ដួចផ្ដើមគំនិតឡើងដោយលោក គីម ជុងអ៊ុន ក្នុងកិច្ចខិតខំប្រែងស្ដារសេដ្ឋកិច្ចជាតិឡើងវិញដោយខ្លួនឯង ខណៈកំពុងជាប់ទណ្ឌកម្មអន្តរជាតិ៕