(អាមេរិក)៖ មនុស្សយ៉ាងហោចណាស់ ១០នាក់បានទទួលរងរបួស នៅក្នុងករណីបាញ់ប្រហារមួយនៅតំបន់ ហ្វ្រែនស៍ខ្វាធើ (French Quarter) នៃទីក្រុងញូអូលីន (New Olreans) រដ្ឋល្វីស្យាណា (Lousiana) សហរដ្ឋអាមេរិក នៅព្រឹកព្រហាមថ្ងៃទី០១ ខែធ្នូ តែម្តង (ពេលវេលានៅអាមេរិក)។ នេះបើតាមការចេញផ្សាយដោយ CNN នាព្រឹកថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០១៩។

ជនសង្ស័យដែលអាចជាអ្នកបង្កករណីបាញ់រះខាងលើនេះ ក៏ត្រូវបានប៉ូលិសចាប់ខ្លួនផងដែរ ខណៈអ្នករងរបួសទាំង ១០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស ហើយក្នុងនោះ០២នាក់ត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ សម្រាប់អ្នករងរបួសធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចទីក្រុង New Orleans អះអាងថា បានត្រូវគ្រាប់កាំភ្លើងចំដងខ្លួន។

ចំពោះមូលហេតុនៅពីក្រោយការបាញ់រះនេះ គឺមិនទាន់មានការបញ្ជាក់នោះឡើយ។ បើតាមសម្តីរបស់មន្ត្រីប៉ូលិស មនុស្សម្នាក់ត្រូវបានចាប់ខ្លួននៅជិតកន្លែងកើតហេតុ ប៉ុន្តែថាតើរូបគេនោះមានជាប់ពាក់ព័ន្ធការវាយប្រហារឬក៏អត់នោះ គឺត្រូវរង់ចាំការស៊ើបអង្កេតបន្តទៀត៕