(ហុងកុង)៖ បាតុកម្មតវ៉ាលាយឡំជាមួយអំពើហិង្សា ប្រឆាំងរដ្ឋាភិបាលលោកស្រី Carrie Lam និងទីក្រុងប៉េកាំង ដឹកនាំដោយ ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ ក្នុងរយៈពេលច្រើនជាង៦ខែមកនេះ បាននិងកំពុងបំផ្លាញសេដ្ឋកិច្ច សណ្ដាប់ធ្នាប់ សន្តិសុខ និងជីវិភាពរស់នៅរបស់ប្រជាជនហុងកុងយ៉ាងខ្លាំង។ រីឯចិននៅតែរក្សាការអត់ធ្មត់ ដោយមិនព្រមធ្វើអន្តរាគមន៍ឡើយ បើទោះជាខ្លួនបានដាក់ពង្រាយកងទ័ពនៅជាប់ព្រំដែនទីក្រុងហុងកុងក៏ដោយ។

ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ បានដឹកនាំការធ្វើបាតុកម្មតវ៉ា តាំងតែពីខែមិថុនា ឆ្នាំ២០១៩មកម្ល៉េះ ក្នុងគោលដៅប្រឆាំង និងទាមទារឱ្យរដ្ឋាភិបាលទីក្រុងហុងកុង លុបចោលសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក ដោយចោទថាច្បាប់នេះមានគោលដៅលើសកម្មជនប្រឆាំង និងបំផ្លាញដល់ឯករាជ្យភាព នៃប្រព័ន្ធយុត្តិធម៌របស់ទីក្រុងហុងកុង។ សេចក្ដីព្រាងច្បាប់នេះត្រូវបានលុបចោលទាំងស្រុងកាលពីខែកញ្ញាកន្លងទៅតាមការស្នើសុំ ប៉ុន្តែក្រុមបាតុករ បានអះអាងថាវាយឺតពេលទៅហើយ ដោយនៅតែបន្តធ្វើបាតុកម្មតវ៉ាមកទល់សព្វថ្ងៃ ជាមួយការទាមទារនៅសំណើបន្ថែមក្នុងនោះមានដូចជា៖

* បញ្ឈប់ការចាត់ទុកបាតុកម្មតវ៉ាមានលក្ខណៈជាកុបកម្ម
* លើកលែងទោសដល់បាតុករដែលអាជ្ញាធរចាប់ខ្លួន
* បើកការស៊ើបអង្កេតដោយឯករាជ្យលើអំពើហិង្សាប្រព្រឹត្តឡើងដោយប៉ូលិស
* អនុវត្តឱ្យបានពេញលេញនូវការបោះឆ្នោតសកល ខណៈបាតុករខ្លះបន្ថែមការទាមទារឱ្យលោកស្រី Carrie Lam លាលែងចេញពីតំណែងជានាយកប្រតិបត្តិក្រុងហុងកុង ដោយចោទថា លោកស្រីជា «អាយ៉ង» របស់ទីក្រុងប៉េកាំង។

ក្រុមអ្នកជំនាញមួយចំនួនយល់ថា រដ្ឋាភិបាលទីក្រុងហុងកុង ជាពិសេសគឺទីក្រុងប៉េកាំងទំនងជានឹងមិនផ្ដល់សម្បទានណាមួយបន្ថែមទៀត ឱ្យក្រុមបាតុករនោះទេ ពីព្រោះពួកគេព្រួយបារម្ភខ្លាចក្រែងបាតុករកាន់តែបន្ថែមការទាមទារ និងមានទម្លាប់អាក្រក់ដោយយកការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដើម្បីចង់បានអ្វីមួយ ឬក៏រហូតដល់ចង់បានឯករាជ្យពីចិន នៅថ្ងៃណាមួយក៏ថាបាន។ ក៏ប៉ុន្តែព្រមពេលជាមួយគ្នា ទីក្រុងប៉េកាំង ក៏នៅតែបន្តរក្សាការអត់ធ្មត់ខ្ពស់ផងដែរ បើទោះជាខ្លួនបាន ដាក់ពង្រាយកងទ័ពទៅកាន់ទីក្រុង Shenzhen ដែលស្ថិតនៅជាប់ភូមិផងរបងជាមួយហុងកុង ស្របពេលស្ថានការណ៍បច្ចុប្បន្នកាន់តែអាក្រក់ឡើង។

*​ ហេតុអ្វីបានជាចិន បន្តអត់ធ្មត់ជាមួយក្រុមបាតុករហុងកុង?

ខណៈដែលបាតុកម្ម និងអំពើហិង្សាផ្ទុះឡើងកាន់តែខ្លាំង ចិនត្រូវបានគេរាយការណ៍ថាបានដាក់ពង្រាយកងទ័ពទៅកាន់ទីក្រុង Shenzhen ដែលស្ថិតនៅជាប់ភូមិផងរបងជាមួយទីក្រុងហុងកុង ដើម្បីត្រៀមធ្វើអន្តរាគមន៍។ តែយ៉ាងណានេះក្ដី ចិនមិនបានបញ្ជូនកងទ័ពចូលក្នុងទីក្រុងហុងកុងនោះទេ រីឯថ្នាក់ដឹកនាំកំពូលចិន ក៏មិនបានចេញសារព្រមានធ្ងន់ៗជាសាធារណៈអ្វីប្រឆាំងនឹង ក្រុមបាតុករនោះដែរ ដោយសុខចិត្តបន្តអត់ធ្មត់។

ការអត់ធ្មត់របស់ចិន ត្រូវបានក្រុមអ្នកជំនាញមួយចំនួនយល់ថា ដោយសារតែចិនខា្លចលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិក មានលេសថ្កោលទោស ឬដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងចិន ដែលអាចនឹងបំផ្លាញដល់តួនាទីរបស់ទីក្រុងហុងកុង ក្នុងនាមជា មជ្ឈមណ្ឌលហិរញ្ញវត្ថុ ព្រមទាំងបាត់បង់ការអនុគ្រោះពាណិជ្ជកម្មពិសេស ក្នុងករណីដែលទីក្រុងប៉េកាំង ប្រើប្រាស់កម្លាំងយោធាបង្ក្រាបលើក្រុមបាតុករ ដើម្បីបិទបញ្ចប់វិបត្តិ។ ប៉ុន្តែបើតាមលោក Zhang Lin ជាអ្នកជំនាញម្នាក់ប្រចាំទីក្រុងប៉េកាំង ចិនអត់ធ្មត់មិនធ្វើអន្តរាគមន៍ដោយទុកឱ្យវិបត្តិ, អំពើហិង្សា និងអសណ្ដាប់ធ្នាប់កើតឡើង ពីព្រោះខ្លួនចង់ផ្ដល់មេរៀនខ្លះៗដល់ប្រជាជនហុងកុង ដែលមានទំនោរទៅរក ឬគាំទ្រលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិក។

លោក Zhang Lin ធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីក្រុមមន្ត្រីចិនលើកឡើងនូវផែនការយកទីក្រុង Shenzhen មកជំនួសទីក្រុង ហុងកុង ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ។ លោក Zhang បន្ថែមទៀតថា ចិនចង់យកជោគជ័យរបស់ទីក្រុង Shenzhen បង្ហាញ ក៏ដូចជាដាក់សម្ពាធលើទីក្រុងហុងកុង ព្រមទាំងរំលឹកប្រជាជនហុងកុងទាំងមូលថា បើចង់បានផលប្រយោជន៍ និងការរីកចម្រើន គឺត្រូវតែនៅជាមួយចិន ហើយបើសិនជាចង់បានប្រជាធិបតេយ្យបែបលោកខាងលិច ឬក៏ចង់ផ្ដាច់ខ្លួនពីចិនដីគោក គឺមានតែជួបលទ្ធផលដូចសព្វថ្ងៃតែប៉ុណ្ណោះ។

* តើទីក្រុង Shenzhen អាចជំនួសហុងកុងបានដែរឬទេ?

អតីតមេដឹកនាំ និងជាបិតាស្ថាបនិកសេដ្ឋកិច្ចចិន លោក តេង ស៊ាវពីង (Deng Xiaoping) បានចាត់ទុកទីក្រុង Shenzhen ជាតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយរបស់ចិន នៅដើមឆ្នាំ១៩៨០ ហើយឥឡូវទីក្រុងមួយនេះពិតជាមានសេដ្ឋកិច្ចកាន់តែរីកធំឡើង ដោយក្រុមហ៊ុនបច្ចេកវិទ្យារីកដូចផ្សិត។ តែប្រធានសភាពាណិជ្ជកម្មខ្នាតតូច និងមធ្យមក្រុងហុងកុង លោក Joe Chau Kwok-ming បានលើកឡើងថា លោកមើលមិនឃើញទាល់តែសោះថា តើទីក្រុង Shenzhen អាចជំនួសទីក្រុងហុងកុង បានយ៉ាងមេចទៅ?

លោក Chau បានបញ្ជាក់ដូច្នេះថា៖ «ហុងកុង ដើរតាមប្រព័ន្ធច្បាប់ Common law ដែលភ្ជាប់ខ្លួនជាមួយស្ដង់ដារអន្តរជាតិ និងទទួលស្គាល់ជាសកលសម្រាប់ការអនុវត្តពាណិជ្ជកម្ម...ដូច្នេះបើទោះជាទីក្រុង Shenzhen ត្រូវបានធ្វើកំណែទម្រង់ គោលនយោបាយថ្មីៗជាច្រើនក៏ដោយ ក៏ទីក្រុងមួយនេះនៅតែអនុវត្តតាមប្រព័ន្ធច្បាប់របស់ចិន ដែលមិនស្របទៅនឹងការចង់បានពីអន្តរជាតិ។ លើសពីនេះទៅទៀត ដើម្បីទទួលបានការអនុគ្រោះពិសេស និងតួនាទីជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ទីក្រុងហុងកុង បានប្រកាន់ភ្ជាប់នូវ «ប្រទេសមួយប្រព័ន្ធពីរ» ដោយមានការគោរពសិទ្ធិមនុស្ស ប្រជាធិតេយ្យ និងសេរីភាពសារព័ត៌មាន ដែលនេះគឺជាបញ្ហាដ៏ធំមួយថា តើចិនអាចឱ្យ Shenzhen ក្លាយជាហុងកុងទី២ ដែរទេ?»

គួរជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងសប្ដាហ៍នេះ បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ស្ដីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទីក្រុងហុងកុង ដែលនឹងក្លាយជាច្បាប់មួយមានគោលដៅគំាទ្របាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ និងពិនិត្យមើលក្នុងមួយឆ្នាំម្ដងថា តើទីក្រុងហុងកុងស័ក្តិសមនឹងទទួលបានការអនុគ្រោះ ពាណិជ្ជកម្មពិសេសពីសហរដ្ឋអាមេរិកដែរឬទេ។ មិនតែប៉ុណ្ណោះច្បាប់នេះក៏អនុញាតឱ្យមានការដាក់ទណ្ឌកម្មផងដែរ ក្នុងករណីមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ តែអ្វី ដែលគួរឱ្យកត់សម្គាល់តាមរយៈច្បាប់នេះវានឹងជំរុញឱ្យបាតុករហុងកុង កាន់តែបានចិត្តបន្តការតវ៉ាតទៅទៀតដើម្បីទាមទារនូវអី្វ ដែលពួកគេចង់បាន៕