(ម៉ូស្គូ)៖ អាជ្ញាធររុស្ស៊ី បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា មនុស្ស១៥នាក់ បានស្លាប់ និង១១នាក់ រងរបួសនៅក្នុងហេតុការណ៍រថយន្ដក្រុង មួយគ្រឿងជ្រុលចង្កូចធ្លាក់ពីលើស្ពានមួយកន្លែងមានកម្ពស់៦ម៉ែត្រ ស្ថិតនៅក្នុងតំបន់ Zabaykalsky Krai នៃភាគខាងកើតប្រទេស រុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០១៩។

ជាមួយគ្នានោះដែរ បើតាមរូបភាពបង្ហោះលើ Twitter គេឃើញរថយន្ដក្រុងមួយគ្រឿងរងការខូចខាត នៅលើទឹកន្លេ Kuenga ដែលកក ដោយសារព្រិលទឹកកក ខណៈរថយន្ដសង្រ្គោះបន្ទាន់ និងក្រុមអ្នកជួយសង្រ្គោះកំពុងធ្វើប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេ។ ប៉ុន្តែ ភ្លាមៗមូលហេតុនៃគ្រោះថ្នាក់មិនទាន់ត្រូវបានបញ្ជាក់ឡើយ ដោយគ្រាន់តែគេដឹងថា រថយន្ដក្រុងខាងលើដឹកភ្ញៀវទេសចរណ៍ ៤៣នាក់ រួមទាំងអ្នកបើកបរ ពេលមានគ្រោះថ្នាក់កើតឡើង ក្នុងដំណើរផ្លូវពីទីក្រុង Sretensk ទីក្រុង Chita ស្ថិតនៅចំងាយ៦,៣២០គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុងម៉ូស្គូ៕