(វ៉ាស៊ីនតោន)៖ នៅក្នុងសម័យសង្រ្គាមត្រជាក់ Lockheed SR-71 គឺជាយន្ដហោះស៊ើបការណ៍ដែលហោះបានខ្ពស់ និងលឿនជាងគេ បំផុតនៅលើពិភពលោក ហើយមកដល់បច្ចុប្បន្ន វានៅតែឈរក្នុងតំណែងកំពូលនេះដដែល ដោយពុំទាន់មានយន្ដហោះស៊េរីដូចវា ផ្ដួលបានឡើយ។ នេះបើតាមគេហទំព័រ the aviationist ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០១៩។

Lockheed SR-71 ឬមានរហ័ស្សនាមថា «បក្សីខ្មៅ» ត្រូវបានរចនាឡើងជាសំងាត់នៅចុងឆ្នាំ១៩៥០ ដោយវាមានសមត្ថភាពហោះហើរ ​ក្នុងរយៈកម្ពស់ខ្ពស់ និងអាចគេចពីការបាញ់ដោយគ្រាប់មីស៊ីលបាន ដោយសារល្បឿនដ៏លឿនរបស់វា។ បើតាម the aviationist មកទល់សព្វថ្ងៃ SR-71 នៅតែអាចរក្សាតំណែងជាយន្ដហោះស៊ើបការណ៍ហោះបានខ្ពស់ និងលឿនជាងគេបំផុតនៅលើពិភពលោក ក្នុងនាមជាយន្ដហោះ«មិនប្រើប្រាស់ម៉ាស៊ីន ឬថាមពលរ៉ុក្កែត» ជាមួយល្បឿនអតិបរមា ៣,៥២៩.៦ គីឡូម៉ែត្រក្នុងមួយម៉ោង និងរយៈកម្ពស់ ២៥,៩២៩ម៉ែត្រ។

គួរបញ្ជាក់ថា Lockheed SR-71 ត្រូវបានដាក់ឱ្យចូលនិវត្តន៍នៅឆ្នាំ១៩៩៨ សម្រាប់កងទ័ពអាកាសអាមេរិក និងត្រូវបានប្រតិបត្តិការ ហោះហើរលើកចុងក្រោយដោយអង្គការ NASA នៅឆ្នាំ១៩៩៩៕