(ហុងកុង)៖ ក្រុមបាតុករហុងកុងរាប់រយនាក់ នៅថ្ងៃអាទិត្យនេះ បាននាំគ្នាដើរទៅកាន់ស្ថានកុងស៊ុលអាមេរិក ដើម្បីសម្ដែងការ អរគុណដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ការផ្ដល់អំណោយដ៏ធំដល់ពួកគេ នោះគឺការចុះហត្ថលេខាលើ សេក្ដីព្រាងច្បាប់ស្ដីពីប្រជាធិបតេយ្យ និងសិទ្ធមនុស្សហុងកុង។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០១៩។

នៅក្នុងក្បួនដង្ហែររបស់ខ្លួន ក្រុមបាតុករមួយចំនួនបាននាំគ្នាគ្រវីទង់ជាតិអាមេរិក និងលើកផ្ទាំងបដាដែលសរសេរប្រយោគ អាចបកប្រែជាភាសាខ្មែថា៖« លោកប្រធានាធិបតី ដូណាល់ ត្រាំ, សូមជួយរំដោះហុងកុងផង»។ បន្ថែមពីលើនេះ ក្រុមបាតុករ មួយចំនួនក៏បានស្រែកអរគុណដល់លោក ត្រាំ ផងដែរ។ «អរណគុណលោកប្រធានាធិបតី ត្រាំ សម្រាប់អំណោយដ៏ធំរបស់អ្នកដល់ ទីក្រុងហុងកុង ហើយសង្ឃឹមថាព្រះជាម្ចាស់នឹងប្រទានពរដល់អាមេរិក»។ នេះជាពាក្យស្លោករបស់ក្រុមបាតុករ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នៅក្នុងសប្ដាហ៍នេះ បានចុះហត្ថលេខា ដើម្បីឱ្យសេចក្ដីព្រាងច្បាប់ស្ដីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទីក្រុងហុងកុង ក្លាយទៅជាច្បាប់មួយមានគោលដៅគំាទ្របាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ និងពិនិត្យមើលក្នុងមួយ ឆ្នាំម្ដងថាតើទីក្រុងហុងកុង ស័ក្តិសមនឹងទទួលបានការអនុគ្រោះពាណិជ្ជកម្មពិសេសពីសហរដ្ឋអាមេរិក ដែរឬទេ។ មិនតែប៉ុណ្ណោះ ច្បាប់នេះក៏អនុញាតឱ្យមានការដាក់ទណ្ឌកម្មផងដែរ ក្នុងករណីមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៕