​(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាមេរិក បានឱ្យដឹងថាមនុស្ស៩នាក់ បានស្លាប់ និង៣នាក់រងរបួសនៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះ ខ្នាតតូចមួយគ្រឿងធុន Pilatus PC-12 បន្ទាប់ពីហោះឡើងបានបន្តិចនៅឯរដ្ឋ South Dakota សហរដ្ឋអាមេរិក។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន ABC នៅថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០១៩។

គ្រោះថ្នាក់ធ្លាក់យន្ដហោះខ្នាតតូចខាងលើ បានកើតឡើងនៅរសៀលថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) ក្រោយហោះឡើងបន្តិចចេញពី ទីក្រុង Chamberlain នៃរដ្ឋ South Dakota។ ប៉ុន្តែ មូលហេតុធ្លាក់យន្ដហោះនេះ មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ ខណៈមានការសន្និដ្ឋានបឋមថាសោកនាដកម្មនេះទំនងជាបង្កឡើងដោយបញ្ហាអាកាសធាតុ ក្នុងនោះមានទាំងខ្យល់បក់ និងព្រិលធ្លាក់ខ្លាំង។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរក្នុងតំបន់ កុមារពីរនាក់ និងពីឡុតម្នាក់ គឺស្ថិតនៅក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិត ហើយការស៊ើបអង្កេតមួយនឹងត្រូវធ្វើឡើង៕