(តេហេរ៉ង់)៖ នាវាពិឃាតមួយគ្រឿងដែលត្រូវបានដាក់ឈ្មោះថា ឌែណា (Dena) នឹងត្រូវចូលបម្រើការងារឲ្យកងទ័ពជើងទឹកអ៊ីរ៉ង់ នៅឆ្នាំ២០២០ ខាងមុខនេះហើយ ចំពោះមុខទណ្ឌកម្មអាវុធរបស់អង្គការសហប្រជាជាតិ (UN) ដែលជិតនឹងផុតកំណត់ដូចគ្នា។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។

ជុំវិញផែនការខាងលើនេះដែរ អគ្គមេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់លោក ហូស្សេន ខាន់ហ្សាឌី (Hossein Khanzadi) បានគូសបញ្ជាក់ថា ទណ្ឌកម្មផ្នែកអាវុធទៅលើអ៊ីរ៉ង់ នឹងត្រូវបញ្ចប់នៅខែតុលា ឆ្នាំ២០២០ ខណៈទណ្ឌកម្មពីសហភាពអឺរ៉ុប ក៏នឹងត្រូវបញ្ចប់នៅខែតុលា ឆ្នាំ២០២៣ ប៉ុន្តែអ៊ីរ៉ង់កំពុងត្រៀមដាក់ឲ្យដំណើរការនាវាពិឃាត ដែលត្រូវបានអភិវឌ្ឍឡើងដោយខ្លួនឯងមានឈ្មោះថា Dena នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០។

គួរបញ្ជាក់ថា ទណ្ឌកម្មលើសព្វាវុធរបស់អ៊ីរ៉ង់ដោយអង្គការសហប្រជាជាតិ នាពេលកន្លងទៅនេះមានន័យថា ប្រទេសផ្សេងៗមិនអាចលក់សព្វាវុធឲ្យអ៊ីរ៉ង់នោះឡើយ ដែលជាហេតុតម្រូវឲ្យប្រទេសអ៊ីស្លាមមួយនេះ នារយៈពេលប៉ុន្មានឆ្នាំកន្លងទៅ បាននិងកំពុងព្យាយាមអភិវឌ្ឍសព្វាវុធថ្មីៗដោយខ្លួនឯង ជាពិសេសគឺគ្រាប់មីស៊ីលតែម្តង។ គោលបំណងធំរបស់អ៊ីរ៉ង់គឺការបង្កើនសមត្ថភាពកងទ័ពជើងទឹក ដែលមានដូចជានាវាចម្បាំង នាវពិឃាត នាវាមុជទឹក និងគ្រាប់មីស៊ីលដែលអាចបាញ់ចេញពីនាវាមុជទឹកជាដើម៕