(ប៉ារីស)៖ ប្រជាជនបារាំងរាប់សិបនាក់បានប្រមូលផ្តុំគ្នាតវ៉ា នៅតំបន់គ្លីឈី (Clichy) ភាគខាងជើងទីក្រុងប៉ារីស ប្រឆាំងនឹងក្រុមហ៊ុនលក់ទំនិញតាមអនឡាញរបស់អាមេរិក Amazon ដែលមានទីស្នាក់ការនៅតំបន់នោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នារសៀលថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។

ការតវ៉ានេះគឺដើម្បីប្រឆាំងទៅនឹងទិវាលក់បញ្ចុះតម្លៃ Black Friday ដែលត្រូវបានសកម្មជន និងជនជាតិបារាំងមួយចំនួនអះអាងថា ជាការបំផ្លាញបរិស្ថាន និងប៉ះពាល់ដល់អារម្មណ៍របស់អតិថិជនជាច្រើន។ ឆ្លើយតបនឹងតវ៉ាប្រឆាំង នៅមុនទីស្នាក់ការរបស់ខ្លួនប្រចាំប្រទេសបារាំងនេះ តំណាងក្រុមហ៊ុន Amazon បានចេញមុខបញ្ជាក់ថា «ការតវ៉ាគឺសិទ្ធិរបស់ពួកគេ ប៉ុន្តែក្រុមហ៊ុនមិនយល់ស្រប នូវសម្តីដែលមនុស្សប៉ុន្មាននាក់នោះ បានចោទប្រកាន់នោះឡើយ»។

ប្រទេសមួយចំនួនទៀតនៅអឺរ៉ុបដូចជាអាល្លឺម៉ង់ជាដើម ក៏បានកើតមានការវ៉ា ប្រឆាំងនឹងថ្ងៃ Black Friday ផងដែរ ព្រោះវាបានធ្វើឲ្យមានភាពអាណាធិបតេយ្យ តាមរយៈការដណ្តើមគ្នាទិញផលិតផលយ៉ាងគគ្រឹកគគ្រេង និងពេលខ្លះទៀតបានបង្កទៅជាជម្លោះ ដែលនាំឲ្យប៉ូលិសចូលធ្វើអន្តរាគមន៍ជាដើម ហើយសកម្មភាពបែបនេះ ត្រូវបានចែកចាយរួចទៅហើយនៅតាមបណ្តាញសង្គម និងសារព័ត៌មាននានា។

គួរបញ្ជាក់ថា សមាជិកសភាបារាំងមួយចំនួន ក៏មានផែនការក្នុងការហាមឃាត់ថ្ងៃ Black Friday ផងដែរដោយបានចោទថា វានឹងបង្កផលប៉ះពាល់ខ្លាំងដល់បរិស្ថាន ប៉ុន្តែមិនបានលម្អិតបន្ថែមអ្វីទៀតឡើយ។ Black Friday គឺជាទិវាមួយដែលត្រូវបានបង្កើតឡើងដំបូង ចេញពីសហរដ្ឋអាមេរិក ហើយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វាបានរីករាលដាលដល់ប្រទេសជាច្រើនលើពិភពលោក ជាពិសេសគឺនៅទ្វីបអឺរ៉ុបតែម្តង។

ដោយឡែកការយកក្រុមហ៊ុន Amazon របស់សហរដ្ឋអាមេរិកធ្វើជាផ្ទាំងស៊ីប គឺត្រូវបានសកម្មជនបរិស្ថានលើកឡើងថា ក៏ព្រោះតែក្រុមហ៊ុននេះជាក្រុមហ៊ុនលក់អនឡាញ ធំជាងគេបំផុតលើលោក ដូច្នេះនៅពេលការបញ្ជាទិញកើនឡើងយ៉ាងគំហុកនៅថ្ងៃ Black Friday នោះការដឹកជញ្ជូនក៏នឹងកើនឡើងផងដែរ ដូច្នេះការបំពុលបរិស្ថានប្រាកជាវិវឌ្ឍកាន់តែអាក្រក់ ខណៈប្រទេសអឺរ៉ុបទាំងអស់កំពុងស្ថិតក្នុងគោលដៅ កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ យ៉ាងមានប្រសិទ្ធភាពនោះ៕