(បាកដាដ)៖ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Adel Abdul-Mahdi នៅទីបំផុតបានសម្រេចចិត្តថា រូបលោកនឹងលាលែងពីតំណែងហើយ ស្របពេលដែលអំពើហិង្សាកាន់តែអាក្រក់ឡើងៗ កំឡុងការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលកំពុងបន្តប្រព្រឹត្តទៅយ៉ាងកក្រើក នៅទីក្រុងបាកដាដ រួមទាំងតំបន់មួយចំនួនទៀតនៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Sky News នៅយប់ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ការប្រកាសពីការសម្រេចចិត្តរបស់លោក Abdul-Mahdi ត្រូវបានចាក់ផ្សាយលើប៉ុស្តិ៍ទូរទស្សន៍រដ្ឋនៃប្រទេសអ៊ីរ៉ាក់ ក្រោយកងកម្លាំង ការពារសន្តិសុខអ៊ីរ៉ាក់ បានបាញ់សម្លាប់ក្រុមបាតុករជាង៤០នាក់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ព្រោះតែពួកគេបានតវ៉ាបិទស្ពាន និងដុតបំផ្លាញស្ថានកុងស៊ុលមួយកន្លែងរបស់អ៊ីរ៉ង់។ លោក Abdul-Mahdi បានប្រាប់ថា លោកនឹងស្នើឲ្យសភាទទួលយកពាក្យសុំ លាលែងពីតំណែងជាប្រមុខរដ្ឋាភិបាលបច្ចុប្បន្ន។ យ៉ាងណាមិញ លោកមិនបានបញ្ជាក់ច្បាស់ថា នឹងចុះពីតំណែងនៅថ្ងៃណាឲ្យ ប្រាកដឡើយ ប៉ុន្តែសភាអ៊ីរ៉ាក់នឹងត្រូវបើកកិច្ចប្រជុំមួយថ្ងៃអាទិត្យខាងមុខនេះ។

គួរជម្រាបថា បាតុកម្មហិង្សាបានបន្តផ្ទុះឡើងនៅទីក្រុងបាកដាដ និងតំបន់ដទៃទៀតនៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ ចាប់តាំងតែពី ដើមខែតុលា ឆ្នាំ២០១៩នេះ ហើយគិតមកដល់ឥឡូវមនុស្សសរុបជាង៣៥០នាក់បានបាត់បង់ជីវិត និងរហូតដល់១៥,០០០នាក់ បានទទួលរងរបួស។

លោក Adel Abdul-Mahdi បានឡើងកាន់អំណាចកាលពីជាងមួយឆ្នាំមុន ជាមួយការសន្យាធ្វើកំណែទម្រង់ស៊ីជម្រៅ ក៏ប៉ុន្តែមកទល់ បច្ចុប្បន្នហាក់ពុំមានលទ្ធផលជាដុំកំភួនអ្វីឡើយ ទើបបង្ខំឲ្យប្រជាជនអ៊ីរ៉ាក់ខឹងសម្បារ ហើយសម្រេចនាំគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំ ជាលើកដំបូងកាលពីថ្ងៃទី០១ ខែតុលា កន្លងទៅ ដោយទាមទារឲ្យរដ្ឋាភិបាលអ៊ីរ៉ាក់ លុបបំបាត់ចោលអំពើពុករលួយ បង្កើតការងារបន្ថែម និងផ្តល់សេវាសាធារណៈដែលល្អប្រសើរជាងមុន៕