(ឡុងដ៍)៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក ប៊ិន វ៉ាលឡេស (Ben Wallace) បានចាត់ទុកថា រុស្ស៊ីគឺជាការគំរាមកំហែងយ៉ាងពិតប្រាកដចំពោះ NATO ខណៈប្លុកអង្គការមួយនេះកំពុងបង្កើនវត្តមានយោធា និងការធ្វើសមយុទ្ធ នៅតាមបណ្ដាប្រទេសអឺរ៉ុបខាងកើត ដែលមានព្រំដែនជាប់ជាមួយរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក Ben Wallace ធ្វើការកត់សម្គាល់ខាងលើឆ្លើយតប ទៅនឹងសំនួរពាក់ព័ន្ធតួនាទីបច្ចុប្បន្នរបស់ NATO នៅឯវិទ្យាស្ថាន Joint Royal Institute នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះលោក Wallace បានគូសបញ្ជាក់ដូច្នេះថា «រុស្ស៊ីគឺជាការគំរាមកំហែងមួយយ៉ាងពិតប្រាកដ សម្រាប់អង្គការ NATO... ហើយពួកគេ (រុស្ស៊ី) បាននិងកំពុង ប្រើប្រាស់ស្ថានភាពរបស់អ៊ុយក្រែន និងឥទ្ធិពលរបស់ខ្លួន ដើម្បីធ្វើតេស្ដការប្ដេជ្ញាចិត្តរបស់ពួកយើង។ ដូច្នេះយើងទាំងអស់គ្នាគួរតែយល់ថា នេះគឺជាការគំរាមកំហែង និងចាំបាច់បង្កើនការទំនាក់ទំនងគ្នាឱ្យកាន់តែល្អប្រសើរឡើង»

គួរជម្រាបថា បើតាមលោកប្រមុខការពារជាតិអង់គ្លេស មធ្យោបាយតែមួយគត់ដែលអាចដោះស្រាយ ឬប្រឈមមុខនឹង ការគំរាមកំហែងពីសំណាក់ទីក្រុងម៉ូស្គូ នោះគឺកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយ NATO ព្រមទាំងទីភ្នាក់ងារស៊ើបការណ៍សំងាត់ Five Eyes ក្នុងនោះរួមមានអូស្ត្រាលី កាណាដា នូវែលសេឡង់ សហរដ្ឋអាមេរិក និងអង់គ្លេសរួមទាំងសហភាពអឺរ៉ុប៕