(តូក្យូ)៖ អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក យ៉ាស៊ូហ៊ីរ៉ូ ណាកាសូណេ (Yasuhiro Nakasone) បានទទួលមរណភាពហើយនៅអាយុ ១០១ឆ្នាំ ក្នុងមន្ទីរពេទ្យមួយនាទីក្រុងតូក្យូ នៅថ្ងៃសុក្រនេះតែម្តង។ នេះបើតាមការបញ្ជាក់ពីការិយាល័យរបស់កូនប្រុសលោក យ៉ាស៊ូហ៊ីរ៉ូ ណាកាសូណេ ដែលទីភ្នាក់ងារសារព័ត៌មាន AP ដកស្រង់និងចេញផ្សាយនៅមុននេះបន្តិច នាព្រឹកថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក យ៉ាស៊ូហ៊ីរ៉ូ ណាកាសូណេ បានកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៨៧ ហើយលោកត្រូវបានគ្រប់គ្នាទទួលស្គាល់ថា ជាមេដឹកនាំជប៉ុនដែលបានធ្វើឲ្យទំនាក់ទំនងរវាង ជប៉ុន និងសហរដ្ឋអាមេរិកមានភាពក្តៅបំផុត តាមរយៈទំនាក់ទំនងដ៏ស្និទ្ធស្នាលជាមួយលោក រ៉ូណាល់ រីហ្គែន (Ronald Reagan) ដែលជាប្រធានាធិបតីអាមេរិក កាលពីសម័យកាលនោះដែរ។

បើតាមការរិយាល័យរបស់លោក ហ៊ីរ៉ូហ្វូមី ណាកាសូណេ (Hirofumi Nakasone) ដែលត្រូវជាកូនប្រុសរបស់លោក Yasuhiro Nakasone បានឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ បានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យទីក្រុងតូក្យូ បន្ទាប់ពីលោកត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលជំងឺ នៅទីនោះតែមួយរយៈខ្លីប៉ុណ្ណោះ។

គួរបញ្ជាក់ថា ក្រៅពីធ្លាប់បំពេញតួនាទីជានាយករដ្ឋមន្ត្រី លោក Yasuhiro Nakasone ក៏ជាអតីតមន្ត្រីកងទ័ពជើងទឹកជប៉ុន កាលពីសម័យសង្គ្រាមលោកលើកទីពីរផងដែរ។ នៅក្នុងអាណត្តិដឹកនាំប្រទេសលោក Yasuhiro Nakasone បានបង្កើនការចំណាយលើវិស័យការពារជាតិ កែប្រែរដ្ឋធម្មនុញ្ញរវាងជប៉ុន-អាមេរិក ដែលបានបង្កការរិះគន់ និងការជម្រុញសេដ្ឋកិច្ចជប៉ុនឲ្យទទួលបានភាពរីកចំរើនខ្លាំងក្លា តាមរយៈការពង្រីកទំនាក់ទំនងអន្តរជាតិ៕