(ម៉ូស្គូ)៖ យោធារុស្ស៊ីបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM (សមត្ថភាពផ្លោងឆ្លងទ្វីប) ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ RS-12M Topol ហើយការធ្វើតេស្ដនេះត្រូវបានគេថតជាប់នៅក្នុងវីដេអូមួយ ដែលបង្ហាញពីមីស៊ីលមួយគ្រាប់នេះ ហោះឡើងទៅលើផ្ទៃអាកាសទាំងយប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

យោងតាមយោធារុស្ស៊ី ការធ្វើតេស្ដខាងលើត្រូវបានធ្វើឡើងចេញពី មូលដ្ឋានទ័ពកាភូស្ទីនយ៉ា (Kapustin Yar) ស្ថិតនៅក្នុងតំបន់អាស្ត្រាខាន់ (Astrakhan) នៃភាគខាងត្បូងប្រទេសរុស្ស៊ី ដោយមីស៊ីល ICBM ខាងលើបានធ្លាក់ចំគោលដៅដោយជោគជ័យ ក្នុងចំងាយជាង ២,១០០គីឡូម៉ែត្រពីតំបន់ សារីហ្សាហ្គាន់ (Sary-Shagan) ក្នុងប្រទេសកាហ្សាក់ស្ថាន។ ប៉ុន្តែកាលបរិច្ឆេទនៃការតេស្តនេះ គឺមិនទាន់ត្រូវបាននោះទេ ដោយគ្រាន់តែវីដេអូនៃការធ្វើតេស្ដ ត្រូវបានបង្ហោះដោយក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃសុក្រនេះតែម្តង។

គួរជម្រាបថា RS-12M Topol ឬអង្គការ NATO ហៅថា SS-25 Sickle ត្រូវបានដាក់ឱ្យយោធារុស្ស៊ីប្រើប្រាស់ក្នុងឆ្នាំ១៩៨៥ ហើយវាក៏ត្រូវបានគេរំពឹងដែរថា នឹងត្រូវបានជំនួសដោយប្រព័ន្ធមីស៊ីល ICBM ជំនាន់ថ្មី Topol-M នៅដើមឆ្នាំ២០២០ខាងមុននេះ៕