(វ៉ាស៊ីនតោន)៖ សេតវិមានបានសម្រេចចិត្តថា នឹងកាត់បន្ថយចូលរួមចំណែកផ្ដល់ហិរញ្ញវត្ថុសម្រាប់អង្គការ NATO ដោយសង្ឃឹមថា បណ្ដាប្រទេសជាសមាជិកដទៃអាចនឹងបំពេញបន្ថែម នូវឱនភាពកញ្ចប់ថវិការបស់ប្លុកយោធាដ៏ធំមួយនេះបាន។ នេះបើតាម CNN ដកស្រង់ការចេញផ្សាយដោយសារព័ត៌មាន CNN នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

សារព័ត៌មាន CNN ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើមន្ត្រីក្រសួងការពារជាតិអាមេរិកម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ មន្ត្រីសម្ងាត់ដដែលបានបញ្ជាក់ទៀតថា សេតវិមានមានបំណងកាត់បន្ថយ ការចំណាយមកនៅត្រឹម ១៦ភាគរយនៃកញ្ចប់ថវិការសរុបសម្រាប់អង្គការ NATO ខណៈអាល្លឺម៉ង់ចូលរួមចំណែក ១៤.៨ភាគរយ។

បន្ថែមពីលើនេះបើតាម CNN បច្ចុប្បន្នសហរដ្ឋអាមេរិកបានផ្ដល់ហិរញ្ញវត្ថុ ២២ភាគរយ នៃកញ្ចប់ថវិកា NATO ដែលមានសមាជិកចំនួន ២៩ប្រទេស ហើយការចំណាយទាំងនេះគឺផ្ដោតទៅលើការថែទាំទីស្នាក់ការ សន្តិសុខ និង ប្រតិបត្តិការយោធារួមគ្នាមួយចំនួនផងដែរ។ ប៉ុន្តែខាងសេតវិមានមិនទាន់អត្ថាធិប្បាយណាមួយ ជុំវិញសេចក្ដីរាយការណ៍នេះនៅឡើយទេ។

គួរបញ្ជាក់ថា ចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅឆ្នាំ២០១៧ លោកបានស្នើម្ដងហើយម្ដងទៀតឱ្យសមាជិក NATO ទាំងអស់ បង្កើនការកញ្ចប់ថវិការខាងវិស័យការពារជាតិ យ៉ាងហោចណាស់ឱ្យដល់ ៤ភាគរយនៃ GDP របស់ពួកគេ។ ប៉ុន្តែប្រទេសមួយចំនួនដូចជា អាល្លឺម៉ង់ និងបារាំងជាដើម បានបង្ហាញការមិនពេញចិត្តជាខ្លាំងចំពោះលោក ត្រាំ ក៏ដូចជាបង្ហាញការសង្ស័យផងដែរ លើការប្ដេជ្ញាចិត្តរបស់អាមេរិកក្នុងការការពារសម្ព័ន្ធមិត្ត រហូតដល់លើកឡើងពីគំនិត ចង់បង្កើតកងទ័ពសម្រាប់អឺរ៉ុបទៀតផង៕