(តូក្យូ)៖ ឆ្មាំការពារដែនសមុទ្រជប៉ុនបានឱ្យដឹងថា អាវុធពីរគ្រាប់ដែលកូរ៉េខាងជើងបានបាញ់សាកល្បង នៅថ្ងៃព្រហស្បតិ៍នេះគឺជាគ្រាប់មីស៊ីល ហើយនេះវាជាការធ្វើតេស្ដអាវុធលើកចុងក្រោយបំផុត ខណៈកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែររវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាងកំពុងជាប់គាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

ឆ្មាំសមុទ្រជប៉ុនមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ។ ប៉ុន្តែបើតាមយោធាកូរ៉េខាងត្បូង អាវុធទាំងពីរគ្រាប់ខាងលើ ត្រូវបានបាញ់ចេញពីតំបន់មួយនៃទីក្រុង យុនផូ (Yeonpo) នៃខេត្តហាំក្យុងខាងត្បូង (Hamgyong) ដែលស្ថិតនៅភាគខាងកើតប្រទេសកូរ៉េខាងជើង ឆ្ពោះទៅកាន់សមុទ្រខាងកើត ឬសមុទ្រជប៉ុននៅម៉ោងប្រមាណ ៤៖៥៩នាទីរសៀលថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់)។

គួរជម្រាបថា នេះគឺជាការធ្វើតេស្ដលើកទី ១៣ ហើយរបស់កូរ៉េខាងជើង ដោយការធ្វើតេស្ដលើកចុងក្រោយមួយធ្វើឡើង កាលពីថ្ងៃទី៣១ ខែតុលា ជាពេលដែលទៅទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលពីរគ្រាប់ ចេញពីប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត រួចធ្លាក់ចូលក្នុងសមុទ្រជប៉ុន។ ប្រការនេះក៏ជាមូលហេតុដែលធ្វើឲ្យជប៉ុន មានការព្រួយបារម្ភខ្លាំង និងចង់ជួបចរចាជាមួយកូរ៉េខាងជើងផងដែរ ប៉ុន្តែកូរ៉េខាងជើងមិនព្រម៕