(អង់ការ៉ា)៖ រដ្ឋមន្ត្រីការបរទេសតួកគីលោក ម៉េវលុត ខាវូសូគ្លូ (Mevlut Cavusoglu) បានបញ្ជាក់នៅថ្ងៃអង្គារសប្តាហ៍នេះថា ប្រទេសតួកគីមិនដែលបានសន្យា ទៅកាន់ប្រទេសណាមួយឡើយថា នឹងមិនដំឡើងប្រព័ន្ធការពារមីស៊ីល ឬក៏មិនប្រើប្រាស់ S-400 ដែលខ្លួនបានទិញពីរុស្ស៊ីនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសតួកគីនៅពេលនេះ គឺកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយសហរដ្ឋអាមេរិកបានធ្វើការព្រមានជាថ្មី ដោយទុកផ្លូវចំនួនបីឲ្យទីក្រុងអង់ការ៉ាជ្រើសរើស នោះគឺមិនប្រើប្រាស់ប្រព័ន្ធការពារមីស៊ីល S-400, បំផ្លាញវាចោល ឬបើអាចតួកគីត្រូវប្រគល់ប្រព័ន្ធដ៏ចម្រូងចម្រាស់នេះ ឲ្យទៅប្រទេសរុស្ស៊ីវិញ។

ឆ្លើយតបនឹងបញ្ហានេះ ប្រមុខកិច្ចការបរទេសរបស់តួកគីបានប្រាប់អ្នកសារព័ត៌ មាននានា យ៉ាងដូច្នេះថា «យើងមិនបានសន្យា ឬប្តេជ្ញាទៅកាន់នរណាម្នាក់ថា យើងនឹងមិនដំឡើង ឬក៏ប្រើប្រាស់ប្រព័ន្ធ S-400 នោះឡើយ។ យើងបញ្ជាទិញវាមក ព្រោះយើងត្រូវការប្រព័ន្ធការពារដែនអាកាស។ តើនរណាដែលទិញប្រព័ន្ធការពារដែនអាកាស មកហើយបែរជាទុកក្នុងឃ្លាំងមិនប្រើការនោះ?»

គួរបញ្ជាក់ថា សភាអាមេរិកបានគំរាមដាក់ទណ្ឌកម្មលើតួកគី ដែលជាសម្ព័ន្ធមិត្តសំខាន់បំផុត របស់សហរដ្ឋអាមេរិកនៅក្នុងអង្គការ NATO តែបែរជាទៅទិញសព្វាវុធពីប្រទេសរុស្ស៊ីទៅវិញ។ ដោយឡែករដ្ឋបាលរបស់លោក ដូណាល់ ត្រាំ វិញក៏បានក្រើនរំលឹករុស្ស៊ីជាច្រើនដងផងដែរ គិតចាប់តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ប៉ុន្តែតួកគីកាន់តែបង្ហាញជំហរឥតងាករេ ចំពោះការទិញប្រព័ន្ធ S-400 ពីរុស្ស៊ី បើទោះបីជាខ្លួនត្រូវបានផ្អាកសិទ្ធិ ក្នុងការចូលកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំង F-35 ក៏ដោយ៕