(ហុងកុង)៖ ក្រុមបេក្ខជនគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុង បានទទួលជ័យជម្នះធំធេង ក្នុងការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ ក្រោយប្រជាជនហុងកុងក្នុងចំនួនជាច្រើននាក់មិនធ្លាប់មាន បានចូលរួមបោះឆ្នោតកាលពីថ្ងៃអាទិត្យ ខណៈទីក្រុងសេដ្ឋកិច្ចកំពូលនៅអាស៊ីមួយនេះ បាននិងកំពុងបន្តប្រឈមមុខការធ្វើបាតុកម្មយ៉ាងតានតឹង អស់រយៈពេលជាងកន្លះឆ្នាំមកហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

អាជ្ញាធររៀបចំការបោះឆ្នោតនៅហុងកុងបានឲ្យដឹងថា ប្រជាជនហុងកុងយ៉ាងតិច ២.៩៤លាននាក់បានចូលរួមបោះឆ្នោត លើសឆ្នាំ២០១៥ រហូតដល់ទៅជាងពាក់កណ្តាល ដែលកាលនោះមានត្រឹម ១.៤៧លាននាក់ប៉ុណ្ណោះបានទៅបោះឆ្នោត។ គិតត្រឹមព្រឹកនេះក្រុមបេក្ខជន ដែលមាននិន្នាការគាំទ្រលទ្ធិប្រជាធិបតេយ្យ ទទួលបានសំឡេងភាគច្រើនក្នុងក្រុមប្រឹក្សាសង្កាត់ ជាមួយអាសនៈប្រមាណ ២៨៣ ក្នុងចំណោមអាសនៈសរុបជាង ៤៥០។ ក្រុមប្រឹក្សាសង្កាត់នៃទីក្រុងហុងកុង មានតួនាទីចាត់ចែងលើការចំណាយខ្លះៗ ហើយមានសិទ្ធិសម្រេចលើបញ្ហាមួយចំនួន ប៉ុន្តែក៏អាចបម្រើជាវេទិកាមួយ ដើម្បីបន្សាយឥទ្ធិពលនយោបាយនៅក្នុងទីក្រុងផងដែរ។។

គួរជម្រាបថា បើតាមការយល់ឃើញរបស់ក្រុមបេក្ខជនគាំទ្រប្រជាធិបតេយ្យ ការបោះឆ្នោតអាណត្តិនេះមានលក្ខណៈពិសេសត្រង់ថា វាគឺជាការតតាំងផ្លូវការ ជាមួយក្រុមអ្នកដែលគាំទ្ររដ្ឋបាលហុងកុង ក៏ដូចជារដ្ឋាភិបាលទីក្រុងប៉េកាំង នៅចំពោះមុខចលនាបាតុកម្ម ដែលបានចាប់ផ្តើមឡើងកាលពីខែមិថុនា ឆ្នាំ២០១៩ និងបន្តមកទល់បច្ចុប្បន្ន ហើយមានអំពើហិង្សាកាន់តែធ្ងន់ធ្ងរឡើងៗ រហូតធ្វើឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងថា ប្រទេសចិនអាចចូលធ្វើអន្តរាគមន៍៕