(វ៉ាស៊ីនតោន)៖ មន្ត្រីរដ្ឋាភិបាលអាមេរិក និងចិន ព្រមទាំងសមាជិកសភា និងអ្នកជំនាញពាណិជ្ជកម្មនានាបានអះអាងដូចៗគ្នាថា កិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី ២ ទំនងជាមិនទាន់មាននរណាហ៊ា នគិតដល់នៅឡើយទេ ព្រោះកិច្ចព្រមព្រៀងតំណាក់កាលទី ១ មិនទាន់ត្រូវបានមេដឹកនាំនៃប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ ចុះហត្ថលេខាទទួលស្គាល់ជាផ្លូវការនៅឡើយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

ងាកទៅមើលកាលពីខែតុលា គឺនៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី ១ ត្រូវបានមន្ត្រីតំណាងនៃសហរដ្ឋអាមេរិក និងប្រទេសចិនឯកភាពគ្នាយកជាផ្លូវការ និងរង់ចាំតែប្រធានាធិបតីប្រទេសទាំងពីរចុះហត្ថលេខារួមគ្នានោះ លោក ដូណាល់ ត្រាំ ភ្លាមៗក៏បានលើកឡើងអំពីក្តីរំពឹងរបស់លោក ក្នុងការឈានទៅបង្កើតកិច្ចព្រមព្រៀង តំណាក់កាលទី ២ បើសិនជាកិច្ចព្រមព្រៀងតំណាក់កាលទី ១ ទទួលបានជោគជ័យជាស្ថាពរ។

កាលណោះលោក ដូណាល់ ត្រាំ បានបង្ហើបថា កិច្ចព្រមព្រៀងតំណាក់កាលទី ២ អាចនឹងមាននូវការលើកឡើងអំពីក្តីព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ចំពោះការផ្ទេរបច្ចេកវិទ្យារបស់ខ្លួន ទៅឲ្យក្រុមហ៊ុនចិននានាដែលជាគូប្រជែង។ ទោះបីជាបែបនេះក្តី ប្រទេសចិននៅតែបង្ហាញក្តីស្ទាក់ស្ទើរនៅឡើយ នៅក្នុងការចុះហត្ថលេខានៅក្នុងកិច្ចព្រមព្រៀងតំណាក់កាលទី ១ ហើយការចុះហត្ថលេខានេះទៀតសោធ ក៏ត្រូវបានលើកពេលរហូតដល់ដើមឆ្នាំ២០២០ ថែមទៀត។

គួរបញ្ជាក់តាមមន្ត្រីមួយចំនួននៅប៉េកាំងបានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី ២ ទំនងជាមិនអាចកើតមានឡើង នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅចុងឆ្នាំ២០២០នោះឡើយ ព្រោះប្រទេសចិនចង់រង់ចាំមើលថា តើលោក ដូណាល់ ត្រាំ អាចជាប់ឆ្នោតមួយអាណត្តិទៀតដែរ ឬទេ។ មន្ត្រីចិនដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ Reuters យ៉ាងដូច្នេះថា «គឺលោក ត្រាំ ទេដែលជាអ្នកចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនេះ មិនមែនយើងឡើយ ដូច្នេះយើងអាចរង់ចាំបាន...»