(វែលីងតោន)៖ គិតមកទល់នឹងចុងសប្តាហ៍នេះ ភ្លើងឆេះព្រៃនៅបណ្តារដ្ឋភាគខាងកើតអូស្ត្រាលី ដូចជា Queensland និង New South Wales ដែលស្ថិតនៅជុំវិញទីក្រុងស៊ីដនីនោះ បានបំផ្លាញផ្ទៃដីព្រៃឈើ ចំការដំណាំ និងលំនៅឋានសរុបជាង ២.៥លានហិកតាហើយ ប៉ុន្តែមិនមែនតែអូស្ត្រាលីមួយឡើយ ដែលត្រូវប្រឈមមុខនឹងគ្រោះធម្មជាតិដ៏គួរភ័យខ្លាចនេះ ដោយសូម្បីប្រទេសនូវែលសេឡង់ ដែលស្ថិតនៅត្រើយម្ខាងសមុទ្រម្នាក់ ក៏អាចមើលឃើញនូវភាពលំបាកវេទនា របស់អូស្ត្រាលីផងដែរ។ នេះបើតាមការចេញផ្សាយដោយ New Zealand Herald នាថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

មនុស្ស ០៦នាក់បានបាត់បង់ជីវិត និងសត្វ Koala ជាច្រើនក្បាលរងរបួស ខណៈលំនៅឋានប្រជាជនអូស្ត្រាលីរាប់រយខ្នងត្រូវភ្លើងឆេះខ្ទេច ព្រមទាំងចំការដំណាំារាប់សែនហិកតា ត្រូវបានឆេះខ្លោចទាំងស្រុង ដោយសារភ្លើងឆេះព្រៃ ដែលបានអូសបន្លាយអស់ជាច្រើនសប្តាហ៍។ ដោយឡែកសីតុណ្ហភាពក្នុងតំបន់ ជាពិសេសនៅភាគខាងលិចអូស្ត្រាលី បាននិងកំពុងកើនឡើងដល់ខ្ទង់ ៤០អង្សាសេ ចំពោះមុខការព្យាយាមពន្លត់ភ្លើងដោយ ក្រុមពន្លត់អគ្គីភ័យជាង ៣,០០០នាក់ ទោះបីជាស្ថិតនៅក្នុងភាពលំបាកវេទនាបែបណាក្តី។

សម្រាប់នៅប្រទេសនូវែលសេឡង់ ដែលស្ថិតនៅភាគខាងកើតប្រទេសអូស្ត្រាលីវិញនោះ ឥទ្ធិពលនៃភ្លើងឆេះព្រៃត្រូវបានបង្ហាញចេញយ៉ាងច្បាស់ តាមរយៈផ្សែងគ្របដណ្តប់នៅតំបន់ដែនសមុទ្រ ភាគខាងលិចប្រទេស ដែលធ្វើឲ្យទិដ្ឋភាពថ្ងៃលិចនៅនូវែលសេឡង់ ខុសប្លែកពីធម្មតា។ មិនត្រឹមតែប៉ុណ្ណោះ សីតុណ្ហភាពនៅតំបន់មួយចំនួនក្នុងប្រទេសនូវែលសេឡង់ដូចជា Mamilton, Tauranga, Thames, Rotorua និង Taupo ជាដើម គឺកើនឡើងខ្ពស់ខុសពីធម្មជាតិចាប់ពី ២៧ ដល់ ២៩អង្សាសេ ដោយសារតែឥទ្ធិពលនៃភ្លើងឆេះព្រៃរបស់អូស្ត្រាលី៕