(វ៉ាស៊ីនតោន)៖ ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) បាននិយាយថា មានភស្តុតាងយ៉ាងច្បាស់ថាលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រើប្រាស់ការិយាល័យសេតវិមានសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន និងបំផ្លាញសន្តិសុខជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្ដាហ៍ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោកស្រី Pelosi ក៏បានឱ្យដឹងផងដែរថា អ្វីៗគឺអាស្រ័យទៅលើគណៈកម្មាធិការស៊ើបអង្កេតនៃសភាក្នុងការកំណត់ថា តើត្រូវធ្វើការស៊ើបអង្កេតយ៉ាងដូចម្ដេច ដើម្បីដំណើរការនីតិវិធីដកតំណែងប្រធានាធិបតី ខណៈក្រុមសមាជិកសភាតំណាងរាស្ត្រកំពុងបន្តប្រមូលភស្តុតាង និងស្ដាប់សក្ខីកម្មពីសាក្សី។ តែយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះមិនទាន់មានការសម្រេចចិត្តចុងក្រោយណាមួយ ជុំវិញការស៊ើបអង្កេតដើម្បីដំណើរការនីតិវិធីដកលោក ត្រាំ ចេញពីតំណែងនៅឡើយទេ។

លោកស្រី Pelosi បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ភស្ដុងតាងបានបង្ហាញយ៉ាងច្បាស់ថា... លោកប្រធានាធិបតី ត្រាំ បានប្រើប្រាស់ការិយាល័យរបស់លោក ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយការធ្វើបែបនេះបាន និងកំពុងបំផ្លាញដល់សន្តិសុខជាតិ និងជាទង្វើបំពានលើការស្បថឡើងកាន់តំណែងរបស់លោក»

គួរបញ្ជាក់ថា គណៈកមា្មធិការស៊ើបអង្កេត នៃសភាតំណាងរាស្ត្រអាមេរិក ដឹកនាំដោយគណបក្សប្រជាធិបតេយ្យ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានដឹកនាំការសវនាការស្ដាប់លើកទី ៥ ស្ដីពីការស៊ើបអង្កេតដើម្បីដំណើរការនីតិវិធី ដកតំណែងប្រធានាធិបតី ដូណាល់ ត្រាំ បន្ទាប់ពីលោកត្រូវបានគេចោទប្រកាន់ថា បើកដៃឱ្យបរទេសលូកដៃចូលក្នុង កិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០ តាមរយៈការដាក់សម្ពាធឱ្យអ៊ុយក្រែន ស៊ើបអង្កេតប្រឆាំងពីបទពុករលួយប្រឆាំងលោក ចូ បៃដិន (Joe Biden) ដែលត្រូវបានគេរំពឹងថា នឹងក្លាយជាគូប្រជែងដ៏ធំរបស់លោក។ តែព្រមពេលជាមួយគ្នា លោក ត្រាំ បានទាត់ចោលរាល់ការចោទប្រកាន់៕