(ញូដេលី)៖ យោធាឥណ្ឌាកាលពីពុធសប្តាហ៍នេះ ទើបតែបានបាញ់សាកល្បងមីស៊ីលផ្លោងនុយក្លេអ៊ែរថ្មីផ្សេងទៀត ដោយជោគជ័យ ។ នេះ បើតាមការដកស្រង់ការផ្សាយចេញសារព័ត៌មាន The Dipomat នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។

នាវេលាយប់ម្សិលមិញ មីស៊ីលផ្លោងរយៈចម្ងាយខ្លីធុន Prithvi-II ពីរគ្រាប់ ត្រូវបានបាញ់ចេញពីមូលដ្ឋាន ITR ដែលស្ថិតលើកោះ Dr. Abdul Kalam នៃឈូងសមុទ្រ Bengal ក្បែរដ្ឋ Odisha ភាគខាងកើតនៃប្រទេសឥណ្ឌា ហើយលទ្ធផលទទួលបានជោគជ័យ តាមការរំពឹងទុករបស់ យោធាឥណ្ឌា។ មីស៊ីល Prithvi-II នេះ ត្រូវបានឥណ្ឌាអភិវឌ្ឍន៍ឡើងនាទសវត្សរ៍ឆ្នាំ១៩៩០ និងដើមទសវត្សរ៍ ឆ្នាំ២០០០ ហើយត្រូវបានឥណ្ឌា ទុកប្រើប្រាស់ចាប់តាំងតែពីឆ្នាំ២០០៣មក។ មីស៊ីលផ្លោងនេះអាចហោះបានចម្ងាយ៣៥០គីឡូម៉ែត្រ ព្រមទាំងបំពាក់ក្បាលគ្រាប់បែកធម្មតា ឬមួយក៏ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមានទម្ងន់ចន្លោះចាប់ពី៥០០គីឡូក្រាម រហូតដល់១,០០០គីឡូក្រាម។

គួរជម្រាបថា កន្លងទៅ ការបាញ់តេស្តនាពេលយប់បែបនេះលើកចុងក្រោយនៃមីស៊ីលផ្លោង Prithvi-II ត្រូវបានធ្វើឡើងកាលពីខែមិថុនា ឆ្នាំ២០១៩នេះ ខណៈការធ្វើតេស្តមុននោះទៀត គឺកាលពីខែកុម្ភៈ ឆ្នាំ២០១៨។ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន យោធាឥណ្ឌាក៏បានធ្វើតេស្ត មីស៊ីលផ្លោង-នុយក្លេអ៊ែរមួយផ្សេងទៀតផងដែរធុន Agni-II នៅឯមូលដ្ឋានខាងលើ។ មីស៊ីលនេះ ជាប្រភេទមីស៊ីលផ្លោងរយៈចម្ងាយមធ្យម ដែលអាចហោះបានចម្ងាយឆ្ងាយបំផុតត្រឹម៣,៥០០គីឡូម៉ែត្រ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺកាលពីថ្ងៃអង្គារសប្តាហ៍នេះ ពីរថ្ងៃក្រោយការធ្វើតេស្តមីស៊ីលផ្លោង Agni-II ប៉ាគីស្ថានដែលជាអ្នកជិតខាង និងជាគូប្រជែងដ៏ធំរបស់ឥណ្ឌានៅក្នុងតំបន់ ក៏បានប្រកាសពីជោគជ័យរបស់ខ្លួនដែរ ក្នុងការធ្វើបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីធុន Shaheen-I៕