(ព្រុចសែល)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បាននិយាយដោយឥតលាក់លៀមថា សត្រូវថ្មីរបស់អង្គការ NATO គឺគណបក្សកុម្មុយនិស្ដចិន នៅក្នុងបរិបទដែលប្លុកយោធាមួយនេះ កំពុងជួប ភាពចម្រូងចម្រាស់ ក្រោយការអត្ថាធិប្បាយមួយរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក ប៉ុមប៉េអូ ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងកិច្ចប្រជុំកំពូលថ្នាក់រដ្ឋមន្ត្រីការបរទេស NATO នៅឯ ទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)។ ថ្លែងនាឱកាសនោះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានគូសបញ្ជាក់ដូច្នេះថា៖«អង្គការ NATO របស់យើងត្រួវតែ ដោះស្រាយ ការគំរាមកំហែងបច្ចុប្បន្ន និងរយៈពេលវែង ដែលបង្កឡើងដោយគណបក្សកុម្មុយនិស្ដចិន»

លោកបន្ថែមទៀតថា៖«កាលពី៣០ឆ្នាំមុន យើងទទួលបានជ័យជម្នះក្នុងការប្រឈមមុខការគំរាមកំហែង ពីរបបផ្ដាច់ការនានា ហើយជាថ្មីម្ដងទៀត យើងត្រូវតែប្រឈមមុខនឹងពួកគេ។ រុស្ស៊ី ចិន និងអ៊ីរ៉ង់ តម្លៃនៃប្រព័ន្ធរបស់ពួកគេ គឺខុសគ្នាពីប្រព័ន្ធរបស់ពួកយើង»

គួរជម្រាបថា បច្ចុប្បន្ន អង្គការ NATO កំពុងជួបភាពចម្រូងចម្រាស់ បន្ទាប់ពីប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង កាលពីដើមខែវិច្ឆិកា កន្លងទៅ បានអះអាងថា ប្លុកយោធាមួយនេះគឺប្រៀបបាន ទៅនឹង «ខួរក្បាលដែលលែងដំណើរការ» និងលើកឡើងនូវការសង្ស័យមួយចំនួនចំពោះការប្ដេជ្ញាចិត្តរបស់ សហរដ្ឋអាមេរិកក្នុងការការពារសម្ព័ន្ធមិត្ត ជាមួយការសង្កត់ធ្ងន់ថាអឺរ៉ុបគួរតែធ្វើការរួមគ្នាលើការអភិវឌ្ឍ អធិបតេយ្យភាពយោធារបស់ខ្លួនឯង៕