(បារាំង)៖ ក្រុមរដ្ឋអាជ្ញាបារាំងនៃសហគមន៍ស័សសុង (Soissons) បានអះអាងថា សាកសពស្ត្រីមានទំងន់៦ខែ វ័យ២៩ឆ្នាំម្នាក់ ដែលត្រូវបានគេរកឃើញនៅក្នុងព្រៃមួយកន្លែង កាលពីថ្ងៃសៅរ៍កន្លងទៅ គឺស្លាប់ដោយសារឆ្កែរាប់សិបក្បាលព្រួតខាំ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មានបារាំង ហ្រ្វង់ អាំងហ្វូ (francetvinfo) នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃពុធ សប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) រដ្ឋអាជា្ញសហគមន៍ស័សសុង ក៏បានបញ្ជាក់ដែរថា ចៅក្រម ស៊ើបអង្កេតនឹងបើកការស៊ើបអង្កេតមួយជុំវិញករណីខាងលើ ដោយផ្តោតជាសំខាន់លើ បទមនុស្សឃាតដោយអចេតនា បង្កឡើងពីការធ្វេសប្រហែស ក្នុងការអនុវត្តកាតព្វកិច្ចការពារសន្តិសុខតម្រូវដោយច្បាប់ ដែលជាហេតុបង្កឱ្យជនរងគ្រោះ ត្រូវបានវាយប្រហាររហូតដល់ស្លាប់ ដោយសារឆ្កែរហូតទៅ ៦៧ក្បាល។

គួរបញ្ជាក់ថា សាកសពជនរងគ្រោះជាស្ត្រីខាងលើមានឈ្មោះ អេលីសា ពីឡាស្គី (Elisa Pilarski) ត្រូវបានគេរកឃើញ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្នុងតំបន់ព្រៃ រិក (Retz) នៃតំបន់អែន (Aisne) ជាទីដែលស្រ្តីរូបនេះនាំឆ្កែខ្លួនឯង ដើរកម្សាន្ត ហើយសាកសពរបស់នាង មានស្នាមឆ្កែខាំស្ទើតែពេញរាងកាយ រហូតដល់ក្បាល៕