(បរទេស)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA កំពុងត្រៀមធ្វើតេស្តយានរ៉ូបូតមួយគ្រឿង ក្នុងខែវិច្ឆិកានេះនៅតំបន់ទ្វីបអង់តាក់ទិក (ប៉ូលខាងត្បូង) ដែលវាត្រូវបានអភិវឌ្ឍន៍ឡើង ដើម្បីរុករកទម្រង់ជីវិត នៅក្នុងទឹកសមុទ្រដ៏ត្រជាក់ក្រោមផ្ទាំងទឹកកក។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរនៅថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

យានខាងលើមានឈ្មោះ BRUIE (ឈ្មោះពេញ Buoyant Rover for Under-Ice Exploration) ត្រូវបានបង្កើតឡើងដោយទីភ្នាក់ងារស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាផ្នែកអវកាស Jet Propulsion Laboratory (JPL) របស់អង្គការ NASA។ បើតាមទីភ្នាក់ងារ JPL យានរ៉ូបូតនេះនៅថ្ងៃណាមួយអាចនឹងទៅធ្វើការរុករក នៅក្រោមមហាសមុទ្រ ដែលគ្របដណ្តប់ដោយផ្ទាំងទឹកកកដូចជានៅលើព្រះច័ន្ទ Enceladus នៃភពសៅរ៍ និងព្រះច័ន្ទ Europa របស់ភពព្រហស្បតិ៍ជាដើម ខណៈទឹករាវដែលលាក់ពួននៅក្រោមសំបកទឹកកកនៃព្រះច័ន្ទទាំងនោះ ត្រូបានក្រុមអ្នកវិទ្យាសាស្រ្តជឿជាក់ខ្ពស់ថា ប្រហែលជាកន្លែងដ៏ប្រសើរបំផុត សម្រាប់កិច្ចប្រឹងប្រែងរុករកទម្រង់ជីវិតក្នុងប្រព័ន្ធព្រះអាទិត្យ ក្រៅពីនៅលើភពផែនដីយើង។

ទីភ្នាក់ងារ JPL បានលើកឡើងថា ទឹកសមុទ្រនៅតំបន់អង់តាក់ទិក គឺជាកន្លែងពិសោធន៍ដែលល្អជាងគេ នៅលើផែនដី បើសិនជាយើងចង់ ប្រៀបប្រដូចទៅនឹងមហាសមុទ្រនៅឯព្រះច័ន្ទទឹកកកទាំងនោះ ដូច្នេះទើប NASA ជ្រើសរើសវាជាទីតាំងសម្រាប់សាកល្បងបច្ចេក វិទ្យា របស់ យាន BRUIE។ យានរ៉ូបូតនេះមានបណ្តោយប្រវែងមួយម៉ែត្រ និងមានកង់ចំនួន២ដើម្បីបរក្រោមបាតសមុទ្រ ហើយវាអាចប្រមូលទិន្នន័យ និងថតរូបភាពបានផងដែរ។

គួរជម្រាបថា បច្ចុប្បន្នទីភ្នាក់ងារអវកាស NASA កំពុងបង្កើតយានជាលក្ខណៈផ្កាយរណបមានឈ្មោះថា Europa Clipper ដើម្បីឲ្យទៅសិក្សា ព្រះច័ន្ទ Europa ពីចម្ងាយជាមុនសិន។ បេសកកម្មនេះ ត្រូវបានគ្រោងនឹងចេញដំណើរនៅឆ្នាំ២០២៥៕