(ហាណូយ)៖ សហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួននឹងផ្តល់នូវនាវាល្បាតចំនួនមួយគ្រឿងទៀត ទៅដល់ប្រទេសវៀតណាម ដើម្បីបង្កើនចំនួននាវាល្បាត ដែលប្រទេសអាស៊ានមួយនេះមានស្រាប់ ស្ថិតនៅចំពោះមុខភាពតានតឹងនៅសមុទ្រចិនខាងត្បូង ជាមួយមហាយក្សចិន។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

ការឧបត្ថម្ភទូកល្បាតរបស់សហរដ្ឋអាមេរិកខាងលើនេះ ត្រូវបានប្រកាសដោយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ម៉ាក អ៊ែស្ពើរ (Mark Esper) ដែលបានមកបំពេញទស្សនកិច្ចនៅក្នុងរដ្ឋធានីហាណូយ ខណៈវៀតណាមត្រូវបានគេមើលឃើញថា ជាប្រទេសដែលកំពុងតតាំងយ៉ាងសកម្មជាងគេ ជាមួយប្រទេសចិន ជុំវិញជម្លោះនៅក្នុងដែនសមុទ្រចិនខាងត្បូង។

គួរបញ្ជាក់ថា នៅក្នុងកិច្ចអត្ថាធិប្បាយរបស់លោក Esper ក៏មានបង្កប់នូវសាររិះគន់ ទៅកាន់រដ្ឋាភិបាលទីក្រុងប៉េកាំងផងដែរ ដោយក្នុងនោះរដ្ឋមន្ត្រីការពារជាតិអាមេរិកបានចាត់ទុកថា ចិនកំពុងតែបង្កអស្ថិរភាព និងអះអាងអធិបតេយ្យភាពដោយខុសច្បាប់ នៅក្នុងសមុទ្រចិនខាងត្បូង ដែលជាការគំរាមកំហែងដល់បណ្តាប្រទេសនានា ដែលមានព្រំដែនជាប់សមុទ្រចិនខាងត្បូង។ ការលើកឡើងរបស់លោក Esper នៅមិនទាន់ទទួលប្រតិកម្មណាមួយ ពីសំណាក់ទីក្រុងប៉េកាំងនៅឡើយទេ៕