(វ៉ាស៊ីនតោន)៖ មានសេចក្តីរាយការណ៍ជាបឋមថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមបេអូ (Mike Pompeo) មានគម្រោងលាលែងចេញពីតំណែង ដើម្បីទៅចូលរួមប្រកួតប្រជែងយកកៅអី ជាសមាជិកសភាប្រចាំរដ្ឋកាន់សាស់ (Kansas) នៅឆ្នាំ២០២០ខាងមុខ។ នេះបើតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅរសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

Sputnik ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើការចុះផ្សាយដោយសារព័ត៌មាន Time ដែលទទួលបានប្រភពពីក្រុមមន្ត្រីជាន់ខ្ពស់ ០៣រូបនៃគណបក្សសាធារណរដ្ឋ។ ក្រុមមន្ត្រីទាំងនេះក៏បានបញ្ជាក់ដែរថា លោក ប៉ុមប៉េអូ កំពុង ពិចារណាបន្តកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិក យ៉ាងហោចណាស់រហូតដល់ដើមនិទាឃរដូវឆ្នាំ២០២០ ហើយហេតុផលនៃការលាលែងចេញពីតំណែង គឺអាចដោយសារតែការស៊ើបអង្កេតដោយសភាតំណាងរាស្ត្រ ដើម្បីដំណើរការនីតិវិធីដកលោក ដូណាល់ ត្រាំ ចេញពីតំណែងជាប្រធានាធិបតីអាមេរិក ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ រូបភាពនយោបាយក្នុងនាមជារដ្ឋមន្ត្រីការបរទេស។

ប៉ុន្តែមន្ត្រីជំនិតម្នាក់របស់លោក ប៉ុមប៉េអូ បានទាត់ចោលសេចក្ដីរាយការណ៍នេះដោយអះអាងថា លោករដ្ឋមន្ត្រីការបរទេសអាមេរិក មិនមានគម្រោងចាកចេញពីរដ្ឋបាលលោក ដូណាល់ ត្រាំ នោះទេ៕