(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិកនៅថ្ងៃអង្គារនេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានបោះឆ្នោតអនុម័តជាឯកច្ឆ័នលើសេចក្ដីព្រាងច្បាប់មួយ ដែលមានគោលដៅការពារសិទ្ធិមនុស្សនៅក្នុងទីក្រុងហុងកុង ខណៈមានការព្រួយបារម្ភកាន់តែច្រើនឡើងថា ទីក្រុងប៉េកាំងអាចនឹងប្រើប្រាស់កម្លាំងយោធា ដើម្បីបញ្ចប់វិបត្តិនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួនមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្រោយការបោះឆ្នោតអនុម័តដោយព្រឹទ្ធសភា សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យហុងកុង នឹងត្រូវបញ្ជូនបន្តទៅកាន់សភាតំណាងរាស្ត្រអាមេរិក មុននឹងបញ្ជូនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើការពិចារណា និងចុះហត្ថលេខា។ សេចក្ដីព្រាងច្បាប់នេះគឺមានគោលដៅការពារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ក៏ដូចជាហាមឃាត់ផងដែរនូវការនាំចេញអាវុធមួយចំនួន ក្នុងនោះមានដូចជាឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងជ័រ ឧបករណ៍បាញ់ម្សៅម្រេច និងកាំភ្លើងឆក់ជាដើមឱ្យកងកម្លាំងប៉ូលិសហុងកុង។

គួរបញ្ជាក់ថា សេតវិមានលោកប្រធានាធិបតី ដូណាល់ ត្រាំ ឬស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក មិនទាន់ធ្វើអត្ថាធិប្បាយណាមួយ ពាក់ព័ន្ធនឹងការអនុម័តសេចក្ដីព្រាងច្បាប់នេះនៅឡើយទេ ប៉ុន្តែទីក្រុងប៉េកាំងធ្លាប់បានចាត់ទុកថា សេចក្ដីព្រាងច្បាប់របស់ព្រឹទ្ធសភាអាមេរិក គឺជាទង្វើលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ចិន៕