(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាឱ្យបញ្ជូនកងទ័ពអាមេរិកបន្ថែមទៀត ដោយបូករួមទាំងប្រព័ន្ធរ៉ាដា និងមីស៊ីល ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួយពង្រឹងសមត្ថភាពការពារដែនអាកាសប្រឆាំងនឹង ការគំរាមកំហែងដោយមីស៊ីល ឬការវាយប្រហារតាមផ្លូវអាកាសនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅក្នុងលិខិតផ្ញើជូនសភាអាមេរិក លោក ត្រាំ បានបញ្ជាក់ទៀតថា ក៏ដាក់ពង្រាយកម្លាំងយោធានេះ ក៏មានរួមបញ្ចូលផងដែរនូវកងកម្លាំងទ័ពអាកាសមួយក្រុម សំដៅគាំទ្រដល់ប្រតិបត្តិការរបស់យន្ដហោះចម្បាំងអាមេរិក ចេញពីប្រទេសអារ៉ាប៊ីសាអូឌីត ព្រមទាំងកងទ័ពកងយន្ដហោះចម្បាំងចំនួនពីរ ដែលនឹងទៅដល់អារ៉ាប៊ីសាអូឌីតក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា បើតាមលោក ដូណាល់ ត្រាំ ការបញ្ជូនកងទ័ពបន្ថែមនេះ នឹងធ្វើឱ្យចំនួនកងទ័ពអាមេរិកនៅក្នុង ប្រទេសអារ៉ាប៊ីសាអូឌីតកើនដល់ជិត ៣,០០០នាក់ ហើយពួកគេអាចនឹងត្រូវឈរជើងសម្រាប់រយៈពេលយូរ ទៅតាមភាពជាក់ស្ដែងនៃបេសកកម្មខាងលើ។ កាលពីខែកញ្ញាកន្លងទៅ មន្ទីរបញ្ចកោណបានយល់ព្រមបញ្ជូនកងទ័ពបន្ថែម ទៅកាន់អារ៉ាប៊ីសាអូឌីត ក្រោយមានការវាយប្រហារលើរោងចក្រប្រេងចំនួនពីរ ដែលប្រទេសទាំងពីរចោទថា អ៊ីរ៉ង់ជាអ្នកប្រព្រឹត្ត។ ប៉ុន្តែព្រមពេលជាមួយគ្នា លោក ត្រាំ បានបញ្ជាក់ជាមុនថា ទីក្រុងរីយ៉ាដគឺជាអ្នកចេញថ្លៃចំណាយនានា សម្រាប់ការដាក់ពង្រាយកងទ័ពអាមេរិកបន្ថែម៕