(អង់ការ៉ា)៖ តួកគី នឹងបញ្ជូនក្រុមអ្នកប្រយុទ្ធ ISIS ដែលកំពុងជាប់ឃុំខ្លួនទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ នៅត្រឹមចុងឆ្នាំ២០១៩នេះ បន្ទាប់ពីបណ្ដាប្រទេសអឺរ៉ុបមួយចំនួន បង្ហាញភាពស្ទាក់ស្ទើរក្នុងការទទួលយកពលរដ្ឋខ្លួន ដែលបានទៅចូលរួមជាមួយពួក ISIS។ នេះបើតាមរដ្ឋមន្ត្រីមហាផ្ទៃតួកគី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែវិចិ្ឆកា ឆ្នាំ២០១៩។

រដ្ឋមន្ត្រីមហាផ្ទៃតួកគី លោក Suleyman Soylu បានគូសបញ្ជាក់ប្រាប់ Reuters នៅថ្ងៃអង្គារនេះ ដូច្នេះថា៖ «ខ្ញុំគិតថាយើងត្រូវតែបញ្ជូនក្រុមអ្នកប្រយុទ្ធ ISIS មួយចំនួនធំទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ នៅត្រឹមចុង ឆ្នាំនេះ...ហើយបណ្ដាប្រទេសមួយចំនួន ដែលបានលុបចោលសញ្ជាតិ្តពលរដ្ឋខ្លួនបានចូលរួមជាមួយ ISIS គឺជាទង្វើ រំលោភលើច្បាប់អន្តរជាតិ»

គួរបញ្ជាក់ថា អាជ្ញាធរតួកគី ចាប់បានក្រុមអ្នកប្រយុទ្ធ ISIS ២៨៧នាក់ នៅតំបន់ភាគឦសានប្រទេសស៊ីរី ជាទីដែល ទីក្រុងអង់ការ៉ា បើកប្រតិបត្តិការយោធាកម្ទេច ក្រុមសកម្មប្រយុទ្ធឃើដ YPG កាលពីខែតុលាកន្លងទៅ ខណៈជនសង្ស័យពាក់ព័ន្ធនឹង ISIS រាប់នាក់ផ្សេងទៀតកំពុងជាប់ឃុំ៕