(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្នុងពេលត្រឹមតែមួយថ្ងៃមនុស្សប្រមាណ ១,១០០នាក់ត្រូវបានប៉ូលិសហុងកុងចាប់ខ្លួន ខណៈគ្រាប់បែកសាំង ជាង ៣,៩០០ដប ត្រូវបានរកឃើញនៅសាកលវិទ្យាល័យមួយកន្លែង ចំពោះមុខស្ថានការណ៍ដែលកាន់តែតានតឹង នៃចលនាបាតុកម្មនៅទីក្រុងហុងកុង។

២៖ យោធាអ៊ីស្រាអែលបានឲ្យដឹងថា ប្រព័ន្ធការពាររបស់ខ្លួនបានបាញ់ស្កាត់រ៉ុក្កែតចំនួន៤គ្រាប់ ដែលហោះចូល មកពីប្រទេសស៊ីរី សំដៅឆ្ពោះមកកាន់តំបន់ភាគខាងជើងប្រទេសអ៊ីស្រាអែល។

៣៖ រដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចបន្តពន្យារពេល ៩០ថ្ងៃទៀត ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិក នានា អាចបន្តការរកស៊ីជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ចិនដែលត្រូវបានកត់ឈ្មោះ ចូលបញ្ជីខ្មៅពាណិជ្ជកម្ម កាលពីខែឧសភាកន្លងទៅ។

៤៖ សហរដ្ឋអាមេរិកមានអត្រាកុមារជាប់ឃុំឃាំង ក្នុងកម្រិតខ្ពស់ជាងគេបំផុតមួយនៅលើពិភពលោក ដោយមានកុមារច្រើនជាង ១០០,០០០នាក់កំពុងជាប់ឃុំក្នុងមន្ទីរឃុំឃាំងជនអន្តោប្រវេសន៍ ដែលនេះគឺជាទង្វើរំលោភលើច្បាប់អន្តរជាតិ។

៥៖ ទីក្រុងស៊ីដនីនៃប្រទេសអូស្រ្តាលីនាព្រឹកថ្ងៃអង្គារនេះ កំពុងតែស្ថិតក្រោមការហ៊ុមព័ទ្ធដោយផ្សែង បណ្តាលមកពីភ្លើងឆេះព្រៃ ដែលកំពុងបន្តឆេះនៅតាមទីតាំងជាច្រើន នាទូទាំងតំបន់ភាគខាងកើតប្រទេស។

៦៖ ការធ្វើអាណានិគមរបស់អ៊ីស្រាអែល តាមរយៈការបញ្ជូនប្រជាជនរបស់ខ្លួន ឱ្យទៅរស់នៅលើតំបន់ វែសត៍ប៊ែង (West Bank) នៃដែនដីប៉ាឡេស្ទីន លែងជាទង្វើខុសច្បាប់អន្តរជាតិទៀតហើយ៕