(តែលអាវីវ)៖ យោធាអ៊ីស្រាអែលបានឲ្យដឹងថា ប្រព័ន្ធការពាររបស់ខ្លួនបានបាញ់ស្កាត់រ៉ុក្កែតចំនួន៤គ្រាប់ ដែលហោះចូលមកពីប្រទេសស៊ីរី សំដៅឆ្ពោះមកកាន់តំបន់ភាគខាងជើងប្រទេសអ៊ីស្រាអែល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

គ្រាប់រ៉ុក្កែតទាំងនោះបានបណ្តាលឲ្យមានការបន្លឺសារ៉ែនប្រកាសអាសន្ន នៅតាមសហគមន៍មួយចំនួនរបស់អ៊ីស្រាអែល នៅឯតំបន់ Golan Heights។ អ្នកនាំពាក្យយោធាប្រទេសអ៊ីស្រាអែលបានប្រាប់ដូច្នេះថា «រ៉ុក្កែតទាំង៤គ្រាប់ ដែលបាញ់ចេញពីទឹកដីស៊ីរីសំដៅចូលមកក្នុងដី អ៊ីស្រាអែល ត្រូវបានប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែលបាញ់ស្កាត់បានទាន់ពេលវេលា ហើយពុំមានរ៉ុក្កែតមួយគ្រាប់ណា ធ្លាក់ចំដល់ដី ឡើយ»

គួរជម្រាបថា ពុំទាន់ឃើញមានក្រុមណាមួយចេញមុខអះអាងថា ការបាញ់គ្រាប់រ៉ុក្កែតខាងលើជាទង្វើរបស់ពួកគេនោះទេ ក៏ប៉ុន្តែកន្លងមក អ៊ីស្រាអែលធ្លាប់បានធ្វើសកម្មភាពវាយប្រហារតាមផ្លូវអាកាសប្រមាណជារាប់រយលើក ទៅលើទឹកដីប្រទេសស៊ីរី។ យោងតាមការបញ្ជាក់ របស់អ៊ីស្រាអែល ប្រតិបត្តិការទាំងនោះមានគោលដៅលើក្រុមសកម្មប្រយុទ្ធលីបង់ «Hezbollah» និងមូលដ្ឋានរបស់អ៊ីរ៉ង់នៅស៊ីរី។ ទោះជា បែបនេះក្តី មួយរយៈចុងក្រោយនេះ កងទ័ពអាកាសអ៊ីស្រាអែល មិនបានបើកប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសណាមួយ ទៅលើស៊ីរី ឡើយ៕