(ស៊ីដនី)៖ ទីក្រុងស៊ីដនីនៃប្រទេសអូស្រ្តាលីនាព្រឹកថ្ងៃអង្គារនេះ កំពុងតែស្ថិតក្រោមការហ៊ុមព័ទ្ធដោយផ្សែង បណ្តាលមកពីភ្លើងឆេះព្រៃ ដែលកំពុងបន្តឆេះនៅតាមទីតាំងជាច្រើន នាទូទាំងតំបន់ភាគខាងកើតប្រទេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ផ្សែងនៃភ្លើងឆេះព្រៃនៅលើភ្នំឈ្មោះ ហ្គោស្ពើស៍ (Gospers) ត្រូវបានខ្យល់បោកបក់នាំយកដល់ទីក្រុងស៊ីដនី ដែលជាហេតុបង្ខំឲ្យអាជ្ញាធរចេញសារក្រើន រំលឹកឲ្យប្រជាពលរដ្ឋអូស្រ្តាលីដែលមានបញ្ហាខាងផ្លូវដកដង្ហើម ព្យាយាមកុំចេញដើរហើរនៅខាងក្រៅបើអាចធ្វើបាន ហើយស្វែងរកជំនួយពីគ្រូពេទ្យ ប្រសិនបើជារឿងចាំបាច់។ ទន្ទឹមគ្នានេះអាជ្ញាធរពន្លត់អគ្គីភ័យក៏បានឲ្យដឹងដែរថា រដ្ឋញូសោតវែលស៍ (New South Wales) នឹងត្រូវប្រឈមបញ្ហាលំបាកខ្លាំងក្នុងសប្តាហ៍នេះ ដោយសារសីតុណ្ហភាពនឹងនៅបន្តស្ថិតនៅកម្រិតខ្ពស់ ហើយនិងគ្មានការធ្លាក់ភ្លៀងដដែល។

គួរជម្រាបថា កំឡុងភ្លើងឆេះព្រៃប៉ុន្មានសប្តាហ៍មកនេះ មនុស្សយ៉ាងហោចណាស់ចំនួន ០៦នាក់បានបាត់បង់ជីវិត និងលំនៅឋានប្រមាណជា ៥០០ខ្នងបានរងការបំផ្លិចបំផ្លាញ។ ស្ថានការណ៍ភ្លើងឆេះព្រៃធ្ងន់ធ្ងរនៅអូស្រ្តាលីក្នុងឆ្នាំនេះ ត្រូវបានក្រុមអ្នកជំនាញភាគច្រើនលើកឡើងថា បណ្តាលមកពីបញ្ហាឡើងកម្តៅពិភពលោក និងបម្រែបម្រួលអាកាសធាតុ។ ក្នុងឆ្នាំ២០១៩នេះ ប្រទេសអូស្រ្តាលីបានបាត់បង់ផ្ទៃដីដល់ទៅ ១.៦លានហិកតាដោយសារតែភ្លើងឆេះព្រៃ៕