(អាល្លឺម៉ង់)៖ មេចលនាមួយរូបក្នុងការធ្វើបាតុកម្មនៅទីក្រុងហុងកុង លោក ចូសហ្វ័រ វ៉ុង (Joshua Wong បានទទូចឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ឈប់ជួយផ្តល់ការហ្វឹកហ្វឺន ក៏ដូចជាបណ្តុះបណ្តាលដល់យោធាចិនតទៅទៀត។ នេះបើតាមការដកស្រង់ការផ្សាយពី សារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអាល្លឺម៉ង់ ប៊ីល (Bild) លោក Wong បាននិយាយដូច្នេះថា «ខ្ញុំមិនពេញចិត្តជាខ្លាំងចំពោះការដែលយោធាអាល្លឺម៉ង់ ផ្តល់ការជួយបណ្តុះបណ្តាល និងហ្វឹកហ្វឺនដល់យោធាចិន។ បើយើងទៅលើបញ្ហាបាតុកម្មនៅទីក្រុងហុងកុង ក្រសួងការពារជាតិអាល្លឺម៉ង់ គួរតែបានបញ្ចប់កម្មវិធីនេះជាយូរមកហើយទើបល្អ»។ ការលើកឡើងរបស់លោក Joshua Wong ត្រូវបានធ្វើឡើងបន្ទាប់ពីយោធាចិន បានបង្ហាញវត្តមាននៅលើដងផ្លូវក្នុងទីក្រុងហុងកុង ដើម្បីជួយសម្អាតកម្ទេចកម្ទីនានា ដែលបង្កឡើងដោយសកម្មភាពធ្វើបាតុកម្ម។

គួរជម្រាបថា កន្លងមកនេះលោក Wong ធ្លាប់បានទៅទស្សនកិច្ចនៅប្រទេសមួយចំនួន ក្រោមគោលដៅប្រមែប្រមូលការគាំទ្រពីបរទេស សម្រាប់ចលនាបាតុកម្មនៅទីក្រុងហុងកុង ដោយក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិកផងដែរ។ កាលពីខែកញ្ញា ឆ្នាំ២០១៩ លោកបានទៅ ជួបជាមួយរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក ហេកូ ម៉ាអាស (Heiko Maas) ដែលជាហេតុបង្កឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង កោះហៅឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ផ្តល់ការបកស្រាយជាបន្ទាន់នាពេលនោះ។

ដោយឡែកនៅក្នុងបទសម្ភាសន៍មួយផ្សេងទៀត នាថ្ងៃចន្ទនេះជាមួយសារព័ត៌មានអាល្លឺម៉ង់ សួដដឺតឆេ (Sueddeutsche) លោក Wong បានសម្តែងការគាំទ្រ ចំពោះការប្រើប្រាស់ហិង្សាដោយក្រុមបាតុករ ប្រឆាំងទៅលើកម្លាំងប៉ូលិសហុងកុង ដោយលោកបានគូសបញ្ជាក់ដូច្នេះថា «យើងនឹងមិនអាចសម្រេចគោលដៅរបស់យើង តាមរយៈការតវ៉ាដោយសន្តិវិធីសុទ្ធសាធបានឡើយ គឺយើងត្រូវការការប្រើអំពើហិង្សាអមជាមួយដែរ »