(ហុងកុង)៖ ប៉ូលិសហុងកុងនៅថ្ងៃចន្ទនេះបានព្រមានថា ពួកគេនឹងប្រើប្រាស់ «គ្រាប់កាំភ្លើងពិត» បើសិនជាក្រុមបាតុករមិនព្រមបញ្ឈប់ការវាយប្រហារលើក្រុមមន្ត្រីប៉ូលិស ដោយប្រើប្រាស់ធ្នូ និងគ្រាប់បែកសាំងទេនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

ការព្រមានខាងលើរបស់ប៉ូលិសហុងកុង ធ្វើឡើងជាលើកដំបូងបំផុត និងបន្ទាប់ពីមានការប៉ះទង្គិចដ៏ហិង្សាបានផ្ទុះឡើង កាលពីថ្ងៃអាទិត្យម្សិលមិញ នៅឯសាកលវិទ្យាល័យពហុបច្ចេកទេសហុងកុង ជាទីដែលក្រុមបាតុករប្រឆាំងរដ្ឋាភិបាល កំពុងប្រើប្រាស់ជាទីលានប្រយុទ្ធជាមួយប៉ូលិស ដោយប្រើប្រាស់ធ្នូ និងគ្រាប់បែកសាំង ព្រមទាំងអាវុធមួយចំនួនទៀត។

នៅក្នុងសារមួយបង្ហោះលើ Facebook អ្នកនាំពាក្យរដ្ឋាភិបាល លោក ល្វីស ឡូ (Louis Lau) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមព្រមានដល់ក្រុមកុបករមួយចំនួន ឱ្យបញ្ឈប់ជាបន្ទាន់ការប្រើប្រាស់គ្រាប់បែកសាំង ធ្នូ ឬអាវុធនានាប្រឆាំងនឹងប៉ូលិស... តែបើសិនជាពួកគេនៅតែបន្តសកម្មភាព បង្កគ្រោះថ្នាក់បែបនេះតទៅទៀត នោះយើងគ្មានជម្រើសអ្វីផ្សេងឡើយ ក្រៅតែពីការប្រើប្រាស់វិធានការចាំបាច់ ក្នុងនោះរួមមានទាំងគ្រាប់កាំភ្លើងពិតផងដែរ»។

គួរបញ្ជាក់ថា សាកលវិទ្យាល័យពហុបច្ចេកទេសហុងកុង ត្រូវបានក្រុមបាតុករប្រឆាំងរដ្ឋាភិបាល គ្រប់គ្រងអស់រយៈពេលជាច្រើនថ្ងៃមកហើយ។ មិនតែប៉ុណ្ណោះ បច្ចុប្បន្នអំពើហិង្សាមានលក្ខណៈកាន់តែអាក្រក់ទៅ ក្រោយក្រុមបាតុករយក សាកលវិទ្យាល័យជាទីតាំងប្រយុទ្ធជាមួយប៉ូលិស។ ប៉ុន្តែអ្វីដែលគេព្រួយបារម្ភ នោះគឺខ្លាចចិនប្រើប្រាស់កងទ័ព ដើម្បីដោះស្រាយវិបត្តិនៅក្នុងទីក្រុងហុងកុង៕