(បាងកក)៖ នាថ្ងៃអាទិត្យនេះប្រមុខការពារជាតិអាមេរិកនិងកូរ៉េខាងត្បូង បានប្រកាសពីការសម្រេចចិត្តផ្អាកគម្រោងសមយុទ្ធយោធា​ផ្លូវអាកាសរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់កិច្ចប្រឹងប្រែងការទូតជាមួយកូរ៉េខាងជើង។ នេះបើតាមការដកស្រង់ការផ្សាយពី​ ទីភ្នាក់ងារព័ត៌មាន យុនហ៉ាប់ នៅរសៀលថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper និងរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Jeong Kyeong-doo បានប្រកាសបែប​នេះ ក្នុងកំឡុងការធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយនៅឯទីក្រុងបាងកកនៃប្រទេសថៃ ជាទីដែលរដ្ឋមន្រ្តីទាំងពីរចូលរួមកិច្ចប្រជុំមួយ​​ថ្នាក់រដ្ឋមន្រ្តីការពារជាតិ​ ដែលដឹកនាំដោយសមាគមអាស៊ាន។

លោក Esper បានលើកឡើងដូច្នេះថា «ពួកយើងបានសម្រេចចិត្តបែបនេះ ដើម្បីក្នុងន័យជាឆន្ទៈល្អមួយសំដៅឆ្ពោះទៅរកការ​កសាងសុខសន្តិសុខនៅឧបទ្វីបកូរ៉េ តាមរយៈការទូត» ហើយលោកក៏បានជំរុញឲ្យទីក្រុងព្យុងយ៉ាងសម្តែងកាយវិការវិជ្ជមានតបវិញ​ដូចគ្នា និងទទូចឲ្យកូរ៉េខាងជើងត្រឡប់មករកការចរចាដូចដើម ដោយពុំមានលក្ខខណ្ឌឬភាពស្ទាក់ស្ទើរ។

គួរជម្រាបថា ដំបូងឡើយ សមយុទ្ធយោធាផ្លូវអាកាសខាងលើដែលមានឈ្មោះថា Combined Flying Training Event ត្រូវបានគ្រោងនឹង​ប្រព្រឹត្តទៅ​ក្នុងខែវិច្ឆិកានេះ។ ពីដើមមកសមយុទ្ធនេះមានឈ្មោះថា Vigilant Ace ប៉ុន្តែត្រូវបានអាមេរិកនិងកូរ៉េខាងត្បូងកាត់បន្ថយ​ទំហំ ហើយផ្លាស់ប្តូរឈ្មោះកាលពីឆ្នាំមុន ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងការទូតជាមួយកូរ៉េខាងជើងដូចគ្នា។ តាំងពីឆ្នាំ២០១៨មក សម្ព័ន្ធមិត្ត​ទាំងពីរ ក៏បានផ្អាកសមយុទ្ធយោធារួមមួយចំនួនផ្សេងទៀតផងដែរ ដើម្បីជៀសវាងការបង្កហេតុចំពោះកូរ៉េខាងជើង ខណៈទីក្រុង​ព្យុងយ៉ាងជាយូរណាស់មកហើយ បានថ្កោលទោសចំពោះសកម្មភាពទាំងនេះថា ជាការហាត់សមដើម្បីត្រៀមឈ្លានពានខ្លួន៕