(ហុងកុង)៖ ការិយាល័យអប់រំនៃទីក្រុងហុងកុង នាថ្ងៃអាទិត្យនេះបានប្រកាសថា សាលារៀនទាំងអស់នៅក្នុងទីក្រុងនឹងត្រូវបន្តបិទ​ទ្វាររហូតដល់ថ្ងៃចន្ទស្អែក ដោយសារក្តីបារម្ភផ្នែកសុវត្ថិភាព ដែលបង្កឡើងដោយសារតែអំពើហិង្សាកាន់តែខ្លាំងឡើងៗពីសំណាក់​ក្រុមបាតុករ​។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

យោងតាមសេចក្តីប្រកាសរបស់ការិយាល័យអប់រំរបស់ហុងកុង សាលារៀនថ្នាក់មត្តេយ្យ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ក៏ដូចជាសាលារៀនពិសេស បើឆាប់បំផុតគឺនឹងអាចបើកទ្វារឡើងវិញបាននៅថ្ងៃអង្គារខាងមុខ ប្រសិនបើកាលៈទេសៈអនុញ្ញាតឲ្យ ប៉ុន្តែស្ថានការណ៍អាចនឹងប្រែប្រួលទៀតក៏ថាបាន។ ដូច្នេះសាលារៀនទាំងអស់ អាចត្រៀមខ្លួនដើម្បីបន្តដំណើរការឡើងវិញនៅថ្ងៃ​អង្គារ តែក៏ត្រូវរៀបចំចំណាត់ការបម្រុង សម្រាប់ពេលមានរឿងបន្ទាន់ផ្សេងៗផងដែរ។

គួរជម្រាបថា សាលារៀននៅទីក្រុងហុងកុងបានបិទទ្វារ ចាប់តាំងតែពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅពេលដែលអំពើហិង្សាបានផ្ទុះ​ឡើងខ្លាំងនៅក្នុងទីក្រុង ដោយពុំត្រឹមតែការធ្វើចរចារណ៍ត្រូវជាប់គាំងប៉ុណ្ណោះទេ រថយន្តដឹកសិស្សសាលាក៏ត្រូវបានបំផ្លិចបំផ្លាញ ហើយសាលារៀនទាំងនោះផ្ទាល់ ក៏បានរងការគំរាមកំហែងផងដែរ៕