(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឱ្យទីក្រុងតូក្យូ បង្កើនការចំណាយដល់ ៨ពាន់លានដុល្លារ សម្រាប់កងទ័ពអាមេរិក ដែលកំពុងឈរជើងនៅជប៉ុន ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងដាក់សម្ពាធឱ្យសម្ព័ន្ធមិត្ត របស់ខ្លួនបង្កើនការចំណាយខាងវិស័យការពារជាតិ។

២៖ កងកម្លាំងការពារជាតិអ៉ីស្រាអែល (IDF) នៅថ្ងៃសៅរ៍នេះ បានដឹកនាំការវាយប្រហារតាមផ្លូវអាកាស យ៉ាងសន្ធាប់លើមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ នៅក្នុងតំបន់ហ្គាហ្សា (Gaza) ជាការសងសឹកទៅនឹងការ បាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ធ្លាក់ចូលក្នុងទឹកដីរបស់ខ្លួន។

៣៖ ភ្លើងឆេះព្រៃអាម៉ាហ្សូន ឥណ្ឌូណេស៊ី និងពេលនេះអូស្ត្រាលី ពិតជាធ្វើឲ្យមនុស្សម្នាលើភពផែនដីឃើញ កាន់តែច្បាស់ អំពីផលវិបាកកាន់តែខ្លាំង នៃការប្រែប្រួលអាកាសធាតុលើភពផែនដី។

៤៖ ការឡើងចុះៗគឺជារឿងធម្មតាទៅហើយ សម្រាប់ពិភពលោកនៃការប្រកួតប្រជែង ហើយពេលនេះកំពូល មហាសេដ្ឋីអាមេរិកលោក បៀល ហ្គេតស៍ (Bill Gates) បានឡើងមកឈរនៅលំដាប់លេខ១ វិញក្នុងនាមអ្នកមាន ជាងគេបំផុតលើលោក ជាមួយនិងទ្រព្យសម្បត្តិសរុប ១១០ពាន់លានដុល្លារ។

៥៖ យោធានៃកងទ័ពរំដោះប្រជាជនចិន (PLA) បានចល័តកម្លាំងអមដោយគ្រឿងចក្រដើម្បីបោសសម្អាតដងផ្លូវ មួយចំនួនក្នុងទីក្រុងហុងកុង ដែលត្រូវបានខូចខាត និងបាត់បង់សណ្តាប់ធ្នាប់ព្រោះតែសកម្មភាពធ្វើបាតុកម្ម កាន់តែក្តៅគគុក។

៦៖ មនុស្សយ៉ាងហោចណាស់៥នាក់ បានបាត់បង់ជីវិត នៅក្នុងការប៉ះទង្គិចគ្នាដ៏ហិង្សាមួយរវាងបាតុករគាំទ្រ អតីតប្រធានាធិបតីបូលីវី លោក Evo Morales និងកងកម្លាំងសន្តិសុខ៕