(អាមេរិក)៖ ការឡើងចុះៗគឺជារឿងធម្មតាទៅហើយ សម្រាប់ពិភពលោកនៃការប្រកួតប្រជែង ហើយពេលនេះកំពូលមហាសេដ្ឋីអាមេរិកលោក បៀល ហ្គេតស៍ (Bill Gates) បានឡើងមកឈរនៅលំដាប់លេខ ១ វិញក្នុងនាមអ្នកមានជាងគេបំផុតលើលោក ជាមួយនិងទ្រព្យសម្បត្តិសរុប ១១០ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យអំពី កំពូលមហាសេដ្ឋីលើពិភពលោក រៀបចំឡើងដោយ Bloomberg នាល្ងាចថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

វាជាលើកដំបូងហើយដែលសហស្ថាបនិករបស់ក្រុមហ៊ុនយក្ស Microsoft រូបនេះបានធ្លាក់ចេញពីតំណែងកំពូលបំផុត នៅក្នុងរយៈពេល ០២ឆ្នាំមកនេះ។ ការឡើងមកឈរលេខ ១ វិញរបស់លោក Bill Gates ត្រូវបានគេមើលឃើញសញ្ញា តាំងតែពីខែតុលាមកម្ល៉េះ ក្រោយពីក្រុមហ៊ុន Amazon របស់លោក ចេហ្វ បេហ្សូស (Jeff Bezos) បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញរបស់ខ្លួនរហូតដល់ទៅ ២៨% កាលពីខែកញ្ញា ឆ្នាំ២០១៩ បើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំ២០១៨។

គួរបញ្ជាក់ថា ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft បានកើនឡើងរហូតដល់ទៅជិត ៤៨% នៅក្នុងឆ្នាំ២០១៩ នេះតែម្តង ដែលជាកត្តាជម្រុញឲ្យចំណែកភាគហ៊ុនរបស់លោក Bill Gates ក្នុងក្រុមហ៊ុននេះកើនឡើង។ បន្ថែមពីនេះកាលពីខែតុលា ឆ្នាំ២០១៩ ក្រុមហ៊ុន Microsoft បានដណ្តើមសិទ្ធិក្នុងការចុះកិច្ចព្រមព្រៀងធំមួយ ជាមួយមន្ទីរការពារជាតិអាមេរិកបញ្ចកោណ ដែលមានតម្លៃរហូតដល់ ១០ពាន់លានដុល្លារ ជាហេតុធ្វើឲ្យក្រុមហ៊ុន Microsoft ទទួលបានការរីកចំរើនបន្ថែមទៀត៕