(ហុងកុង)៖ យោធានៃកងទ័ពរំដោះប្រជាជនចិន (PLA) បានចល័តកម្លាំងអមដោយគ្រឿងចក្រ ដើម្បីបោសសម្អាតដងផ្លូវមួយចំនួនក្នុងទីក្រុងហុងកុង ដែលត្រូវបានខូចខាត និងបាត់បង់សណ្តាប់ធ្នាប់ ព្រោះតែសកម្មភាពធ្វើបាតុកម្មកាន់តែក្តៅគគុក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

បាតុកម្មបានអូសបន្លាយជាង ៦ខែមកហើយនៅក្នុងទីក្រុងហុងកុង ដែលចាប់ផ្តើមចេញពីការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីការធ្វើបត្យាប័នជនសង្ស័យពីហុងកុង ទៅកាន់ចិនដីគោក និងបណ្តាប្រទេសមួយចំនួនទៀត។ ទោះបីជាការទាមទារឲ្យលុបចោលច្បាប់នេះ ទទួលបានជោគជ័យក៏ពិតមែន ក៏សកម្មភាពបាតុកម្មមិនទាន់បញ្ឈប់នោះដែរ ព្រោះក្រុមបាតុករនៅតែចង់ឲ្យលោកស្រី ខារី ឡាំ (Carrie Lam) ចុះចេញពីតំណែងអភិបាលក្រុង និងការទាមទារមួយចំនួនទៀត ដែលរដ្ឋបាលក្រុងស្វយ័តចិនមួយនេះមិនអាចធ្វើតាមបាន។

គួរបញ្ជាក់ថា ការស្លាប់របស់និស្សិតម្នាក់ ក្រោយពីបានធ្លាក់ពីលើអគារចតរថយន្ត កំឡុងពេលដែលខ្លួនចូលរួមបាតុកម្ម និងការបាញ់ប្រហារបាតុករស្តែងៗពីសំណាក់មន្ត្រីប៉ូលិស បាននិងកំពុងដុតរោលកំហឹងបន្ថែមទៀតទៅលើក្រុមបាតុករ ខណៈគ្រប់គ្នាបានមើលឃើញថា បាតុកម្មនៅហុងកុងកាន់តែឈានទៅរក ការប្រើប្រាស់អំពើហិង្សាច្រើនឡើងៗ ជាហេតុបង្ខំឲ្យសាលារៀនទាំងអស់ត្រូវបិទទ្វារ និងអគារលក់ទំនិញព្រមទាំងស្ថាប័នមួយចំនួន ក៏ត្រូវផ្អាកសកម្មភាពជាបណ្តោះអាសន្នផងដែរ៕