(ស៊ីដនី)៖ ភ្លើងឆេះព្រៃអាម៉ាហ្សូន ឥណ្ឌូណេស៊ី និងពេលនេះអូស្ត្រាលី ពិតជាធ្វើឲ្យមនុស្សម្នាលើភពផែនដីឃើញកាន់តែច្បាស់ អំពីផលវិបាកកាន់តែខ្លាំង​នៃការប្រែប្រួលអាកាសធាតុលើភពផែនដី ខណៈដែលការប្តេជ្ញាចិត្តកន្លងមករបស់មហាអំណាចធំៗ ជាពិសេសនៅក្នុងកិច្ចព្រមព្រៀងអាកាសធាតុ ទីក្រុងប៉ារីសឆ្នាំ២០១៥ បានរងភាពរង្គោះរង្គើ ដោយសារតែការដកខ្លួនចេញរបស់សហរដ្ឋអាមេរិក នៅក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

យោងតាមការស្ទាបស្ទង់មតិមួយ ដែលត្រូវបានធ្វើឡើងដោយស្ថាប័ន JWS របស់អូស្ត្រាលី ប្រជាពលរដ្ឋអូស្ត្រាលីភាគច្រើន បានបង្ហាញការព្រួយបារម្ភរបស់ពួកគេខ្លាំងបំផុត ទៅលើការប្រែប្រួលអាកាសធាតុ ខណៈភ្លើងឆេះព្រៃនៅរដ្ឋឃ្វីនស៍ឡេន (Queensland) និងញូសោតវែលស៍ (New South Wales) បាននិងកំពុងអូសបន្លាយ​អស់ជាច្រើនសប្តាហ៍មកហើយ ព្រមទាំងបានបង្កឲ្យមនុស្សស្លាប់ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរងការឆាបឆេះខ្ទេចខ្ទី។

ការស្ទាបស្ទង់របស់ JWS បានធ្វើឡើងចាប់ពីថ្ងៃទី០៦ ដល់ទី១១ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះប៉ុណ្ណោះ ដោយផ្អែកលើប្រធានបទសំខាន់ៗចំនួនដូចជា ការប្រែប្រួលអាកាសធាតុ, សុខាភិបាល, ការងារ និងប្រាក់ខែ ព្រមទាំងបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាដើម។ ក្រោយការបូកសរុបលទ្ធផល ប្រជាជនអូស្ត្រាលីប្រមាណ ៣៤% បានបង្ហាញការព្រួយបារម្ភ ចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុ, ២៨% បារម្ភចំពោះបញ្ហាសុខាភិបាល និង ២២% ទៀតបារម្ភទៅលើការងារ និងប្រាក់ខែ។

គួរបញ្ជាក់ថា ខុសគ្នាតែប៉ុន្មានខែប៉ុណ្ណោះ ការព្រួយបារម្ភរបស់ប្រជាជនអូស្ត្រាលីភាគច្រើន​មានការប្រែប្រួល ដោយកាលពីការស្ទង់មតិនៅអំឡុងខែមិថុនា ប្រជាជនអូស្ត្រាលីតែ ២២%ប៉ុណ្ណោះ ដែលមានការព្រួយបារម្ភទៅលើបញ្ហាបម្រែបម្រួលអាកាសធាតុ។ បច្ចុប្បន្ននេះភ្លើងឆេះព្រៃបាននិងកំពុងកើតឡើងនៅ Queensland និង New South Wales ប្រមាណជាង ១០០ករណី ដោយបានផ្តាច់ជីវិតមនុស្ស ០៤នាក់, លំនៅឋានជាង ៣០០ខ្នងឆេះខ្ទេចខ្ទី និងចំការដំណាំជាង ១លានហិកតាក៏រងការខូចខាតផងដែរ៕